Close

ក្រុមហ៊ុន Wuxi បង្ហាញឆន្ទៈជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុន Wuxi បង្ហាញឆន្ទៈជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន ក្រុមហ៊ុន Wuxi បង្ហាញឆន្ទៈជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖ ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន
ដែលមានអាយុកាលជាង ១០០ ឆ្នាំ បានបង្ហាញ ឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន។

ការបង្ហាញឆន្ទៈរបស់ក្រុមហ៊ុន បែបនេះ ធ្វើឡើង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគ្រាដែល លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក ហ័រ សៀវហ្វុង (Hua Xiao Feng) អនុប្រធានក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុន Wuxi បង្ហាញឆន្ទៈជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន

នាឱកាសនោះ លោក ជា វុទ្ធី បានលើកឡើងពីស្ថានភាពវិនិយោគ និងស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

បន្ថែមពីនេះ លោកបានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញផលិតផលកសិផលពីកម្ពុជា ពិសេសនាំទៅកាន់ទីផ្សារប្រទេសចិន។

មួយវិញទៀត លោកអគ្គលេខាធិការក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុក។

ជាការឆ្លើយតប លោក ហ័រ សៀវហ្វុង បានសម្តែងនូវអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលតែងតែគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន និងបានផ្តល់នូវអនុសាសន៍ល្អៗពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចនៅកម្ពុជា។

ក្រុមហ៊ុន Wuxi បង្ហាញឆន្ទៈជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន

ជាមួយគ្នានេះ លោកឡើងពីសាវតាររបស់ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដែលមានអាយុកាលប្រមាណ១០៦ឆ្នាំ និងមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជាហិរញ្ញវត្ថុ, ផ្សារមូលបត្រ, កម្មន្តសាល, ថាមពលបៃតង និងថាមពលកកើតឡើងវិញ។ល។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន សណ្ឋារគារ និងរថភ្លើងក្រោមដីផងដែរ។

ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន ហើយលោក ហ័រ សៀវហ្វុង សង្ឃឹមថាតាមរយៈជំនួបនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ីក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ជាការឆ្លើយតបទៅវិញ លោក គ្គលេខាធិការបានបង្ហាញនូវសុទិដ្ឋិនិយម ហើយសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នឹងបន្តជំរុញវិនិយោគិនមកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ហើយការណ៍នេះជាថ្នាលផ្សារភ្ជាប់នូវកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីវិនិយោគរវាងទីក្រុងអ៊ូស៊ី និងកម្ពុជា៕

ក្រុមហ៊ុន Wuxi បង្ហាញឆន្ទៈជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន