Close

ក្រុមហ៊ុនចិនដ៏ធំមួយស្វែងរកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្រុមហ៊ុនចិនដ៏ធំមួយស្វែងរកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា ក្រុមហ៊ុនចិនដ៏ធំមួយស្វែងរកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន បាននឹងកំពុងពិនិត្យ និងស្វែងរកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួននៅកម្ពុជាសម្រាប់ផ្គត់ផ្គងនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ លោក លាវ គួយស៊ី(Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ថ្លែងថាក្រុមហ៊ុនរបស់ខ្លួន គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។

ក្រុមហ៊ុនចិនដ៏ធំមួយស្វែងរកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា

លោក លាវ គួយស៊ី បានបន្តថា «ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត»។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ លោកបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមាធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនចិនដ៏ធំមួយស្វែងរកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា

លើសពីនេះទៀត លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដែលបានសហការជាមួយក្រុមហ៊ុន Medtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។

ជាមួយគ្នានេះ លោកប្រាប់គណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន៕

ក្រុមហ៊ុនចិនដ៏ធំមួយស្វែងរកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា