សម្តេចធិបតីនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៧១សេ នៅថ្ងៃទី១១ ខែមេសា
ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ មានប្រវែងសរុប ១១៤,៩៩ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងសម្ពោធបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ ដែលដឹកនាំដោយ លោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដើម្បី ធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។
ថ្លែងក្នុងឱកាសចុះពិនិត្យនេះ លោក ខាន់ ម៉ាណេរ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) គឺជាខ្សែផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងមានសភាពធន់រឹងមាំ និងជាខ្សែផ្លូវដែលមានចរាចរណ៍មមាញឹកនិងការតភ្ជាប់ដ៏សំខាន់។
ផ្លូវជាតិដ៏សំខាន់នេះជាប្រភេទ AC/DBST ដែលបានចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់ ៤២ ខែ និងរយៈពេលថែទាំ (ក្នុងកិច្ចសន្យា) ២៤ខែ៕