Close

សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចខេត្តហៃណានឯកភាពជំរុញទំនាក់ទំនងធុរកិច្ច

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ
សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចខេត្តហៃណានឯកភាពជំរុញទំនាក់ទំនងធុរកិច្ច សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចខេត្តហៃណានឯកភាពជំរុញទំនាក់ទំនងធុរកិច្ច

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ប្រទេសចិនបានឯកភាព និង កំណត់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរួម ក្នុងការជំរុញទំនាក់ទំនងធុរកិច្ច។ ការឯកភាពនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៥ នាឱកាសដែលគណៈប្រតិភូធុរកិច្ចខេត្តហៃណានបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និង ស្វែងរកកាលានុវត្តភាពធុរកិច្ច។

អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ៊ូ យូសុង (Hu Yusong) ប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្ម ឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន (Hainan Free Trade Zone Cross-Border Trade Chamber of Commerce)។

សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចខេត្តហៃណានឯកភាពជំរុញទំនាក់ទំនាក់ទំនងធុរកិច្ច

អ្នកឧកញ៉ា លី ឃុនថៃ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហៃណាន និងបានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ខេត្តហៃណានដែលជាកំពង់ផែពាណិជ្ជកម្មសេរី និងមានសក្តានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

អ្នកឧកញ៉ា បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និង សង្កត់ធ្ងន់ថាកម្ពុជាគឺជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនចិន ព្រោះមានស្ថិរភាពនយោបាយ ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន កម្លាំងពលកម្មវ័យក្មេង លទ្ធភាពទទួលបានទីផ្សារអនុគ្រោះ និងបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ។

អ្នកឧកញ៉ា បានជម្រាបជូន គណៈប្រតិភូហៃណានអំពីកំណើនសេដ្ឋកិច្ច កាលានុវត្តភាព និង បច្ចុប្បន្នភាពនៃវិស័យសក្តានុពលកម្ពុជា និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។

លោក ហ៊ូ យូសុង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លី ឃុនថៃ ដែលបាននទទួលជួបពិភាក្សា កាងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ ហើយគណៈប្រតិភូ មានសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាជាមួយសភាពាណិជ្ជកម្ម កម្ពុជា ដើម្បីពិនិត្យលទ្ធភាពសហការគ្នាជាមួយតំបន់ពាណិជ្ជកម្មសេរីហៃណា ដែលជាតំបន់ទទួលបានការអនុគ្រោះ ពន្ធគយខ្ពស់ និងជាច្រកទ្វារទៅកាន់ទីផ្សារចិន។ សភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន មាន សមាជិកជាសហគ្រាសពាណិជ្ជកម្មចំនួន ១២៧០ សហគ្រាស ។

សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចខេត្តហៃណានឯកភាពជំរុញទំនាក់ទំនាក់ទំនងធុរកិច្ច

លោក សង្កត់ធ្ងន់ថា កិច្ចពិភាក្សាជាមួយសភាពាណិជ្ជ កម្មកម្ពុជា នាពេលនេះ គឺដើម្បីបង្កើតយន្តការសហការយូរអង្វែងជាមួយគ្នា លើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ និង ការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ក្នុងន័យនេះ លោក អញ្ជើញសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅតំបន់ពាណិជ្ជកម្មសេរីហៃណានក្នុងពេលវេលាសមស្របណាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់ តែស៊ីជម្រៅ និង ពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន។

ភាគីទាំងពីរបានឯកភាព និង កំណត់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរួម ក្នុងការជំរុញទំនាក់ទំនាក់ទំនងធុរកិច្ច។ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់ខេត្តហៃណាន ប្រទេសចិនក្នុងពេលសមស្របខាងមុខ និង ពិភាក្សាលម្អិតជាមួយ សភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន៕


សភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូធុរកិច្ចខេត្តហៃណានឯកភាពជំរុញទំនាក់ទំនាក់ទំនងធុរកិច្ច