ក្រុមជម្រើសជាតិកម្ពុជា ណាត់ ក្រុមជម្រើសជាតិតាជីគីស្ថាន ប្រកួតមិត្តភាព នៅដើមខែក្រោយ
(បាល់ទាត់)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ បានប្រកាសថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិតាជីគីស្ថាន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ វឌ្ឍនៈ “Vattanac International Friendly” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ការប្រកួតមិត្តភាពជាមួយជម្រើសជាតិកម្ពុជា នេះ ដើម្បីជាការត្រៀមលក្ខណៈ សម្រាប់ការប្រកួត វគ្គជម្រុះជុំទី២ ពានរង្វាន់ AFC Asian Cup 2027 ជាមួយជម្រើសជាតិហ្វីលីពីន។ នេះបើតាមការជូនដំណឹងនៅលើបណ្តាញសង្គម របស់ក្រុមជម្រើសជាតិតាជីគីស្ថាន ។
មែនទែនទៅ ក្រៅពីជំនួបមិត្តភាពទល់តាជីគីស្ថាន ក្នុងឆ្នាំ ២០២៥ នេះ ក្រុមគោព្រៃកម្ពុជា មិនមានការប្រកួតផ្លូវការណាមួយឡើយក្នុងតារាងប្រកួតរបស់ FIFA បន្ទាប់ពីធ្លាក់ចេញពីវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ និង AFC Asian Cup ឆ្នាំ ២០២៧ ក្រោមថ្វៃជើងប៉ាគីស្ថាន។
បច្ចុប្បន្ន ក្រុមដែលមានរហស្សនាមគោព្រៃ កំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku បន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Delmas។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមជម្រើសជាតិកម្ពុជា កំបុងឈរនៅលេខ ១៨១ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ខណៈ ក្រុមជម្រើសជាតិតាជីគីស្ថាន ស្ថិតនៅលេខរៀង ១០៤ ពោលគឺល្អជាងគេ ៧៧លេខ៕