Close

TikTok ក្លាយជាដៃគូចលនូបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
TikTok ក្លាយជាដៃគូចលនូបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ TikTok ក្លាយជាដៃគូចលនូបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ​ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយក្រុមហ៊ុន TikTok បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី១៣ ខែមីនា ម្សិលមិញនេះ ដើម្បីក្លាយជាដៃគូចលនូបត្ថម្ភក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ Cambodia 2023។

ក្នុងពិធីចុះហត្ថលេខាខាងលើធ្វើឡើងក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងតំណាងក្រុមហ៊ុន TikTok  ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Nicholas Pham រួមទាំងអ្នកពាក់ព័ន្ធ។

កិច្ចព្រមព្រៀងនេះ គឺជាការរួមចំណែកលើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ នៅលើបណ្ដាញសង្គម TikTok អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូលទៅកាន់ពិភពលោក តាមរយៈបណ្តាញសង្គម TikTok។

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះថា​ ៖ « TikTok គឺជាបណ្ដាញសង្គមមួយ ដែលមានឥទ្ធិពលក្នុងសង្គម ទាំងក្នុងស្រទាប់យុវជន និងប្រជាជនទូទៅទាំងក្មេងចាស់ ប្រុសស្រី ជាអ្នកមានឥទ្ធិពលក្នុងសង្គមរបស់យើងប្រើប្រាស់ TikTok ធ្វើជាមធ្យោបាយក្នុងការផ្សព្វផ្សាយផ្សេងៗ។ អ៊ីចឹង យើងឃើញសារសំខាន់នេះហើយ បានជា CAMSOC បានទំនាក់ទំនង និងស្វែងរកតម្លៃបន្ថែម នៃការប្រូម៉ូត ឬការផ្សព្វផ្សាយស៊ីហ្គេមរបស់យើង ទៅកាន់ពិភពលោក ក៏ដូចជាក្នុងប្រទេសរបស់យើងដែរ»។

លោកបានបន្តថា​ «យើងសហការនេះ គឺយើងសហការក្នុងកម្រិតនៃការផ្សព្វផ្សាយរួមគ្នា ដោយបណ្ដាញសង្គម TikTok នេះ គាត់បានជួយយើងក្នុងការធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏គាត់ធ្វើការផ្សព្វផ្សាយអំពីកម្ពុជា បានន័យថា ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈ TikTok​ »៕

អត្ថបទទាក់ទង