ប្រាក់ មុន្នីឧត្តម កំពុងឈរឈ្មោះជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ នៅ Hun Sen Cup ថ្នាក់ជាតិ
ខ្សែប្រយុទ្ធក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម កំពុងឈរឈ្មោះជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ ក្នុងពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិ រដូវកាល ២០២៤/២៥ គិតត្រឹមវគ្គ៨ក្រុមចុងក្រោយ។
ទោះបីជាមិនសូវបានបង្ហាញខ្លួននៅលីគកំពូលកម្ពុជាក៏ពិតមែន តែអតីតម្ចាស់អាវលេខ៧ របស់ក្រុមគោព្រៃកម្ពុជា រូបនេះ នៅតែធ្វើបានយ៉ាងល្អនៅពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ នេះ ដោយស៊ុតបញ្ជូលទីបានចំនួន ៦គ្រាប់ តាមពីក្រោយដោយមិត្តរួមក្រុម ណារ៉ុង កក្កដា និងកីឡាករវ័យក្មេង សៀង ចន្ធា របស់បឹងកេត មានម្នាក់ ៤គ្រាប់ដូចគ្នា។
ចំណែកកីឡាករ ដែលរកបាន ៣គ្រាប់ មានចំនួន ៥នាក់ ដែលមានដូចជាកីឡាករ ម៉ាត់ នូរុណ របស់បឹងកេត, Andres Nieto របស់ភ្នំពេញក្រោន, Konishita Reiya របស់ Tiffy Army FC, Joao Pedro របស់អង្គរថាយហ្គឺរ និងកីឡាករ Karasausks Arturs របស់វិសាខា។
ខាងក្រោមនេះ ជាលទ្ធផលការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងទី១ ៖
– ស្វាយរៀង បានយកឈ្នះ គីរីវង្សសុខសែនជ័យ ក្នុងលទ្ធផល ២-០
– ភ្នពេញក្រោន បានលត់ ក្រុមណាហ្គាវើលដ៍ ក្នុងលទ្ធផល ៤-០
– បឹងកេត បានយកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ២-០
– វិសាខា បានស្មើគ្នា ជាមួយ Tiffy Army FC ក្នុងលទ្ធផល ២-០ ។
គួរបញ្ជាក់ថា កាលពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីបានយកឈ្នះ ភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ៕