ប្រាក់ មុន្នីឧត្តម ឈរ Top Scorer ជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ ពានរង្វាន់ Hun Sen Cup
ខ្សែប្រយុទ្ធក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម កំពុងឈរឈ្មោះជាកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៤/២៥ គិតត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ជាការពិតណាស់ ប្រាក់ មុន្នីឧត្តម មិនសូវជាបានបង្ហាញខ្លួននៅលីគកំពូលកម្ពុជា ច្រើននោះទេ ក៏ប៉ុន្តែ អតីតម្ចាស់អាវលេខ៧ របស់ក្រុមជម្រើសជាតិកម្ពុជា រូបនេះ នៅតែធ្វើបានយ៉ាងល្អនៅពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ នេះ ដោយស៊ុតបញ្ជូលទីបានចំនួន ៦គ្រាប់។
តាមពីក្រោយដោយកីឡាករចំនួន៣នាក់ផ្សេងទៀត ដែលរកបានម្នាក់ ៤គ្រាប់ដូចគ្នា គឺមិត្តរួមក្រុម ណារ៉ុង កក្កដា, កីឡាករពីររូបរបស់បឹងកេត រួមមាន សៀង ចន្ធា និងកីឡាករ ម៉ាត់ នូរុណ។ ចំណែកកីឡាករ ដែលរកបាន ៣គ្រាប់ មានចំនួន ៦នាក់ ដែលមានដូចជាកីឡាករ Andres Nieto, Konishita Reiya, Joao Pedro, Karasausks Arturs, ស៊ិន កក្កដា និងកីឡាករ Pablo Agusto។
គិតមកទល់ពេលនេះ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយក្នុងនោះ ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយក្រុមបាល់ទាត់នាគខៀវបឹងកេត ស្របពេលដែលក្រុមសឹងក្រហមភ្នំពេញក្រោន ត្រូវជួបជាមួយក្រុមសេះមាសវិខាសា។
គួរបញ្ជាក់ថា កាលពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈ វិសាខា បានចំណាត់ថ្នាក់លេខ៣៕