លោក ឃួង ស្រេង ចុះពិនិត្យការដាក់របាំងដែក របាំងថ្មពុះចែកទ្រូងផ្លូវលើកំណាត់ផ្លូវ ៦០ម៉ែត្រ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំថ្នាក់ដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យការដាក់របាំងដែក របាំងថ្មពុះចែកទ្រូងផ្លូវ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ។
ការចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវមានដូចជា៖១-ដំឡើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។
២-ដំឡើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង ។
កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ថ្មីៗ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់ការអនុញ្ញាតដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំដាក់របាំងដែកពុះចែកទ្រូងផ្លូវ នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ ដើម្បីបញ្ចៀស ក៏ដូចជាកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍ ក្រោយមួយរយៈក្រោយមកនេះ ផ្លូវនេះឧស្សាហ៍កើតមានគ្រោះថ្នាក់ បន្សល់ទុកសោកនាដកម្មធ្ងន់ធ្ងរដល់ពលរដ្ឋអ្នកដំណើរជាញឹកញាប់។
បច្ចុប្បន្ននេះនៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ មានការរឹតបន្តឹងច្បាប់ចរាចរណ៍យ៉ាងតឹងរ៉ឹងពីសំណាក់កងកម្លាំងសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌពាក់ព័ន្ធ ដោយបានដាក់កម្លាំងអនុវត្តច្បាប់ អមជាមួយការបាញ់ល្បឿននៅពេលថ្ងៃ និងការត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈមួយរយៈក្រោយមកនេះ គេសង្កេតឃើញនៅលើផ្លូវ ៦០ ម៉ែត្រ តែងឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ បន្សល់ទុកនូវសោកនាដកម្មធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋអ្នកដំណើរ៕