ខ្សែប្រយុទ្ធ ISI ដង្កោសែនជ័យ LOUIS WILLY ទទួលបានពានរង្វាន់ជាកីឡាករល្អរបស់ CPL ប្រចាំខែមករា
ក្រុមហ៊ុនលីគកំពូលកម្ពុជា ឬ Cambodian Premiere League បានប្រកាសពីអ្នកដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែមករា ឆ្នាំ២០២៥ហើយ ដោយបានទៅលើខ្សែប្រយុទ្ធរបស់ អាយអេសអាយ ដង្កោសែនជ័យ កីឡាករ LOUIS WILLY ។
ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ជាកីឡាករល្អរបស់លីគកំពូលកម្ពុជា ប្រចាំខែមករា ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន LOUIS WILLY វ័យ ២៩ឆ្នាំរូបនេះ បានផ្ដួលកីឡាករជាច្រើនដូចជា៖ កីឡាករ លឹម ពិសុទ្ធ, រ៉េត លីហេង, សៀង ចន្ធា, ឃាន់ សុប៉ិន,គី រីណា,កាន់ ម៉ូ, TETSUAKI MISAWA, GABRIEL SILVA, THIHA SAW និងកីឡាករ KIM SEO IN។
សម្រាប់កីឡាករល្អប្រចាំខែ នៅរដូវកាលថ្មី ឆ្នាំ២០២៤-២៥នេះ ក្រុមហ៊ុន Cambodian Premiere League បានសម្រេចផ្ដល់ជាទឹកប្រាក់ចំនួន ៦០០ដុល្លារ ខណៈកាលពីរដូវកាលមុន ទទួលបានម៉ូតូមួយគ្រឿង ពីម្ចាស់ឧបត្ថម្ភក្រុមហ៊ុន Suzuki Motor Co., LTD។
គិតត្រឹមសប្ដាហ៍ទី២០នេះ កីឡាករ JELLE GOSELINK របស់ភ្នំពេញក្រោន កំពុងឈរកំពូលតារាងក្នុងនាមជាអ្នកស៊ុតបញ្ជូលទីបានច្រើនជាងគេ មាន ១៥គ្រាប់,កីឡាករ SOUZA RAMON របស់វិសាខា ឈរលេខ២ មាន ១៤គ្រាប់ និងកីឡាករ JOSE BALANGA របស់ Tiffy Army ១៣គ្រាប់។
ចំពោះកីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបានច្រើនជាងគេ គឺកីឡាករ អ៊ុក សុវណ្ណ របស់វិសាខា មាន ១៥ដង, KINOSHITA REIYA របស់ Tiffy Army និង លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន មាន ៩ដង ខណៈអ្នកចាំទីរក្សា Clean Sheets បានច្រើនជាងគេគឺ វិរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង មាន ១០ដង ហើយមិនទាន់មានកីឡាករកម្ពុជា រូបណា អាចស៊ុតបំប៉ោងសំណាញ់ទីរបស់គេឡើង ក្នុង ២០ប្រកួតកន្លងមកនេះ ពោលគឺមានតែកីឡាករបរទេសប៉ុណ្ណោះ៕