Close

អាល់ហ្ស៊េរី ចង់ឃើញកម្ពុជាបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសខ្លួនឡើងវិញ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 1:27 am ព័ត៌មានជាតិ
អាល់ហ្ស៊េរី ចង់ឃើញកម្ពុជាបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសខ្លួនឡើងវិញ អាល់ហ្ស៊េរី ចង់ឃើញកម្ពុជាបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសខ្លួនឡើងវិញ

អាល់ហ្ស៊េរី៖ លោក អាប់ឌែលម៉ាជីដ តេប៊ូន ប្រធានាធិបតីអាល់ហ្ស៊េរី បានថ្លែងថា លោកចង់ឃើញកម្ពុជាបើកស្ថានទូតរបស់ខ្លួនឡើងវិញ ក្នុងប្រទេសរបស់លោក និងស្វាគមន៍ក្នុងជួយសម្របសម្រួលរាល់ការចាំបាច់របស់កម្ពុជា។ មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរពាក់ព័ន្ធទាំងអស់រង់ចាំធ្វើកិច្ចសហប្រតិបត្តិការជាមួយ ឯកឧត្តមឯកអគ្គរាជទូតលើគ្រប់ស្ថានភាពនិងតម្រូវការ។

លោកប្រធានាធិបតី បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសលោក អ៊ុក សារុន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្ស៊េរី មាននិវេសនដ្ឋាននៅទីក្រុងគែរ បានប្រគល់សារតាំងជូន លោកប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្ស៊េរី និងជួបពិភាក្សាការងារ នៅវិមានប្រធានាធិបតី។

នាឱកាសនោះ លោកប្រធានាធិបតី បានថ្លែងបន្តថា អាល់ហ្ស៊េរី-កម្ពុជា មានទំនាក់ទំនងការទូតដ៏រឹងមាំតាំងពីយូរលង់ណាស់មកហើយ និងមានកិច្ចសហប្រតិបត្តិការល្អប្រសើរទាំងទ្វេរភាគី និងពហុភាគី ថែមទាំងគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់តំបន់ និងអន្តរជាតិ។ ជាចុងក្រោយលោកប្រធានាធិបតីបាន ផ្តល់អនុសាសន៍ដល់ ឯកឧត្តម ឯកអគ្គរាជទូត ត្រូវប្រឹងប្រែង និង ធ្វើកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយរដ្ឋាភិបាល ក្រសួង ស្ថាប័ន ផ្សេងៗក្នុងប្រទេសអាល់ហ្ស៊េរី ដើម្បីពង្រឹង និងពង្រីកចំណងការទូតកាន់តែរឹងមាំទ្វេរដង ក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ អាល់ហ្ស៊េរី-កម្ពុជា។

ជាការឆ្លើយតប លោក អ៊ុក សារុន ឯកអគ្គរាជទូត បានបង្ហាញក្តីរំភើបឥតឧបមា ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្រគល់តួនាទីដល់លោកជាឯកអគ្គរាជទូតបម្រើការងារបេសកកម្មការទូតនៅទីនេះ។ លោកឯកអគ្គរាជទូតបានថ្លែងបន្តថា ប្រទេសអាល់ហ្ស៊េរីជាប្រទេសដ៏ស្រស់ត្រកាល និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

អាល់ហ្ស៊េរី ចង់ឃើញកម្ពុជាបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសខ្លួនឡើងវិញ

ជាមួយគ្នានោះ លោក បានពាំនាំនូវព្រះបណ្តាំនឹករលឹក និងព្រះពរជ័យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គ្រប់ប្រការជូនដល់លោកប្រធានាធិបតី មានកម្លាំងមាំមួន ប្រាជ្ញាវាងវៃ ដើម្បីដឹកនាំប្រទេសរបស់លោកកាន់តែអភិវឌ្ឍន៍ខ្លាំងថែមទៀត និងជូនពរដល់ប្រជាជនអាល់សហ្ស៊េរីទាំងអស់ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ។

លោក ឯកអគ្គរាជទូតបានជម្រាបជូន ឯកឧត្តម អាប់ឌែលម៉ាជីដ តេប៊ូន ពីសុខសន្តិភាព ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លើសពីនេះទៀត លោក អ៊ុក សារុន បានសន្យាថានឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងអណត្តិការទូតរបស់ខ្លួន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែរឺងមាំស្ថិតស្ថេរយូរអង្វែង និងកិច្ចសហប្រតិបត្តិល្អ លើគ្រប់វិស័យដើម្បីបម្រើផលដល់ប្រជាជន និងប្រទេសទាំងពីរអាល់ហ្ស៊េរី-កម្ពុជា៕

អាល់ហ្ស៊េរី ចង់ឃើញកម្ពុជាបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសខ្លួនឡើងវិញ

អត្ថបទទាក់ទង