ប្រកបអាជីពបាល់ទះជាង១០ឆ្នាំ ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិក្រោយចប់ស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ ៖ កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា និងជាប្រធានក្រុមជម្រើសជាតិ សួន ចាន់ណារ៉ូ បានសម្រេចចិត្តថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ព្រមទាំងចែកផ្លូវជាមួយក្លិបបាល់ទះវិសាខា ក្រោយចប់ភារកិច្ចនៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
បើតាម CAMBODIA 2023 កីឡាករកម្ពស់ ១,៩៣ម៉ែត្រ វ័យ២៩ឆ្នាំរូបនេះ បាននិយាយថា ៖ « ខ្ញុំសម្រេចចិត្តច្បាស់ហើយបង គឺចប់ស៊ីហ្គេម ខ្ញុំសុំឈប់ពីជម្រើសជាតិ ហើយក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិបវិសាខាដែរ»។
កីឡាករ ដែលគេបានដាក់រហស្សនាមថា ជាដៃប៉ះសេលេខ១នៅកម្ពុជា បានបន្តថា៖«ខ្ញុំឈប់នេះក៏ដោយសារខ្ញុំចង់ផ្ដល់ឱកាសឱ្យក្មេងៗស្រករក្រោយបានបង្ហាញសមត្ថភាព ហើយខ្ញុំទៀតសោត ត្រូវទៅបម្រើការងារនៅអង្គភាព និងចង់ផ្ដល់ពេលវេលាខ្លះជាមួយគ្រួសារ ព្រោះថាខ្ញុំបានចំណាយពេលវេលាច្រើនជាមួយបាល់ទះនេះអស់ជាង១០ឆ្នាំហើយដែរ។ ណាមួយទៀត ខ្ញុំក៏ហាក់ថមថយកម្លាំង មិននៅខ្លាំង និងរហ័សរហួនដូចមុនដែរបង អ៊ីចឹងហើយក៏សម្រេចចិត្តប្រកាសថា ចូលនិវត្តន៍ ក្រោយចប់ស៊ីហ្គេមនេះតែម្ដងទៅ»។
គួរបញ្ជាក់ថា សួន ចាន់ណារ៉ូ បានចូលប្រឡូកអាជីពកីឡាបាល់ទះនៅឆ្នាំ២០១២ ដោយចូលដំបូងលេងឱ្យក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ តែក្រោយមកក៏បានផ្លាស់ទៅលេងឱ្យក្លិបស.ស.យ.ក ខេត្តព្រៃវែង ហើយក្លិបនេះក៏បានប្ដូរឈ្មោះមកជាក្លិបវិសាខាដល់បច្ចុប្បន្ន។
ចាន់ណារ៉ូ បានជាប់ជម្រើសជាតិនៅឆ្នាំ២០១៥ និងបានចេញទៅប្រកួតស៊ីហ្គេមនៅក្រៅប្រទេសសរុបបានចំនួន៣លើក គឺស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម។
ក្នុងចំណោមការចូលរួមប្រកួតស៊ីហ្គេម ទាំង៣លើកនេះ សួន ចាន់ណារ៉ូ បានក្លាយជាបេក្ខភាពមួយយ៉ាងសំខាន់ ដែលបានឱ្យជួយក្រុមជម្រើសជាតិ ដណ្តើមបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលេពីខែឧសភា ឆ្នាំ២០២២៕