មុនប៉ះគ្នារសៀលនេះ គ្រូសិង្ហបុរី ថា កម្ពុជា ជាក្រុមខ្លាំង ខណៈគ្រូកម្ពុជា ថា សិង្ហបុរីគឺជាក្រុមខ្លាំងមួយ ប៉ុន្តែខ្ញុំជឿជាក់លើកីឡាកររបស់យើង
នៅរសៀលថ្ងៃពុធ ទី១១ ខែធ្នូ វេលាម៉ោង ៧យប់ ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku នឹងចាប់ផ្ដើមការប្រកួតទី២របស់ខ្លួន ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ដោយត្រូវប៉ះជាមួយម្ចាស់ផ្ទះសិង្ហបុរី នាពហុកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរី។
ថ្លែងមកកាន់ថ្លែងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរី លោក Tsutomu Ogura បាននិយាយថា៖ «ក្រុមទាំងអស់នៅក្នុងក្រុមរបស់យើងសុទ្ធតែខ្លាំង រួមទាំងកម្ពុជា ផងដែរ ដែលបានបន្ថែមកីឡាករសញ្ជាតិមួយចំនួនទៅក្នុងក្រុមរបស់ពួកគេ។ ខ្ញុំបានមើលការប្រកួតមួយចំនួនរបស់ពួកគេ ហើយដឹងថា វានឹងក្លាយជាការប្រកួតដំបូងដ៏ស្វិតស្វាញ ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះរាល់ការប្រកួត ជាពិសេសគឺការប្រកួតក្នុងផ្ទះ»។
គ្រូបង្វឹក វ័យ ៥៨ ឆ្នាំរូបនេះ បានបន្តថា៖«ពួកយើងបានរៀបចំ សម្រាប់ការប្រកួតនេះ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ហើយខ្ញុំចង់ឱ្យកីឡាកររបស់ខ្ញុំបង្ហាញសមត្ថភាពរបស់ពួកគេនៅលើទីលាន នៅថ្ងៃនេះ។ វាជារឿងសំខាន់ សម្រាប់ពួកយើងក្នុងការលេងស្ទីលបាល់ទាត់ ដែលជាប់លាប់ពេញមួយការប្រកួតដោយមិនគិតពីគូប្រកួត»។
ចំណែកលោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជា បាននិយាយថា៖«ពីមុន ខ្ញុំបានបង្វឹកក្រុមអាយុ ៥ផ្សេងគ្នា សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែការដឹកនាំក្រុមជាន់ខ្ពស់គឺជាការប្រកួតប្រជែងខុសគ្នាទាំងស្រុង។ យ៉ាងណាមិញ ខ្ញុំទន្ទឹងរង់ចាំការប្រកួតជាមួយសិង្ហបុរី ហើយយើងនឹងធ្វើឲ្យអស់ពីសមត្ថភាព»។
គ្រូបង្វឹកវ័យ ៥៩ឆ្នាំរូបនេះ បានបន្តថា ៖«សម្រាប់ក្រុមជម្រើសជាតិសិង្ហបុរី ជា ក្រុមមួយដែលខ្លាំង ពួកគេមានកម្រិតប្រហាក់ ប្រហែលក្រុមជម្រើសជាតិម៉ាឡេស៊ី ដូច្នេះហើយពួកយើងគិតថា ការប្រកួតជាមួយសិង្ហបុរី អាចជាការប្រកួតដ៏ពិបាកផងដែរសម្រាប់យើង។ប៉ុន្តែខ្ញុំជឿជាក់លើកីឡាកររបស់យើង ហើយពួកយើងនឹងធ្វើអោយបានល្អនៅថ្ងៃស្អែក»។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រុមជម្រើសកម្ពុជា ស្ថិតក្នុងពូល A ជាមួយ ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត៕