តើក្រុមគោព្រៃកម្ពុជា ជួបក្រុមណាខ្លះ នៅ ASEAN Cup 2024 ចុងឆ្នាំនេះ?
នៅសល់តែជាងកន្លះខែទៀតប៉ុណ្ណោះ ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku នឹងចាប់ផ្ដើមការប្រកួតក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 (ASEAN Cup 2024) ដែលការប្រកួតនឹងចាប់ផ្ដើមនៅធ្វើឡើងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។
ក្នុងការប្រកួត ASEAN Mitsubishi Electric Cup 2024 នេះ ក្រុមគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល A ដូច្នេះកម្ពុជា នឹងត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត។
ខាងក្រោមនេះ ជាកម្មវិធីប្រកួតនៃ ពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 របស់ក្រុមជម្រើសជាតិកម្ពុជា៖
– កម្ពុជា ប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ
– កម្ពុជា ប៉ះ សិង្ហបុរី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ
– កម្ពុជា ប៉ះ ទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ
– កម្ពុជា ប៉ះ ថៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នាកីឡដ្ឋាន Rajamangala ប្រទេសថៃ។
មែនទែនទៅ សម្រាប់ការប្រកួត ASEAN Cup 2024 នេះ អាចថាជាឱកាសសម្រាប់កម្ពុជាផងដែរ ដែលអាចនឹងឆ្លងផុតវគ្គចែកពូល ដ្បិតប្រទេសខ្លាំងៗជាច្រើនដូចជា ថៃ និងឥណ្ឌូណេស៊ី សុទ្ធសឹងតែប្រើប្រាស់កីឡាករក្នុងស្រុក និងកីឡាករយុវជន ដោយសារការប្រកួតមិនចំថ្ងៃ FIFA DAY ខណៈកម្ពុជា ប្រើប្រាស់កីឡាករឈុតធំតែម្ដង។
ជាក់ស្ដែង ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក 𝐒𝐡𝐢𝐧 𝐓𝐚𝐞-𝐲𝐨𝐧𝐠 ដែលជាគ្រូបង្វឹក បានបញ្ជាក់ថា ក្នុងពានរង្វាន់ខាងលើនេះ លោកនឹងប្រើប្រាស់កីឡាករឈុត 𝐔𝟐𝟐 ភាគច្រើន និងកីឡាករក្នុងស្រុក ខណៈដែលកីឡាករលេងនៅក្រៅប្រទេស (បរទេសចូលសញ្ជាតិ) មិនអាចចូលលេងបាន ព្រោះកម្មវិធីនេះ មិនមែនជា 𝐅𝐈𝐅𝐀 𝐭𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭 ឬ 𝐅𝐈𝐅𝐀 𝐝𝐚𝐲 ឡើយ។
ជាមួយគ្នានេះ គ្រូបង្វឹកក្រុមដំរីសឹកថៃ លោក Masatada Ishii បានបញ្ជាក់ថា ក្រុមជម្រើសជាតិថៃ នឹងបាត់តារាឆ្នើមជាច្រើន ក្នុងព្រឹត្តិការណ៍ AFF Cup ឆ្នាំ ២០២៤ នេះ ហើយក្រុមទាំងមូល នឹងផ្អែកលើកីឡាករថ្មីៗ ដែលទៀបនឹងជាប់ជម្រើសជាតិ និងកីឡាករឈុតយុវជន។
គួររំលឹកថា កាលពីថ្ងៃ អង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC កោះហៅកីឡាករចំនួន ២៣នាក់ ដើម្បីត្រៀមចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 នេះ។
គួរបញ្ជាក់ថា ពានរង្វាន់ ASEAN Mitsubishi Electric Cup នឹងប្តូរឈ្មោះទៅជា ASEAN Cup ចាប់ពីឆ្នាំ 2024 តទៅ។ សម្រាប់ឆ្នាំនេះ មានក្រុមចំនួន ១០ក្រុម ចែកចេញជាពីរពូល(A និង B)។ ក្រុមនីមួយៗ នឹងលេងការប្រកួតក្នុងផ្ទះ និងក្រៅដីចំនួនពីរ ដើម្បីយក២ក្រុម ក្នុងមួយពូល លេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ៕