សោកស្ដាយផង! កម្ពុជា ចាញ់ ស្រីលង្កា អស់ឱកាសឡើងទៅកាន់វគ្គបន្តជើងឯកប្រចាំទ្វីបអាស៊ី
ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás អស់ឱកាសឡើងទៅកាន់វគ្គបន្ត នៃពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 ក្រោយចាញ់ស្រីលង្កា ក្នុងការប្រកួតជើងទី២ ក្នុងវគ្គទាត់បាល់ពិន័យ១១ម៉ែត្រកាត់សេចក្ដី ដោយលទ្ធផល ៤-២ កាលពីយប់នៅថ្ងៃទី១០ កញ្ញា ២០២៤នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងការប្រកួតយប់មិញនេះ ក្រុមភ្ញៀវស្រីលង្កា បានបើកការនាំមុខមុនពីសំណាក់កីឡាករ Oliver Kelaart នៅនាទី៣៨ ដោយបញ្ចប់ការប្រកួតវគ្គទី១ កម្ពុជា 0-១ ស្រីលង្កា។ លុះចូលដល់វគ្គទី២ សំឡេងហោពេញកីឡដ្ឋានបានកើតឡើង ពោលគឺនៅនាទី៥១ កីឡាករវ័យក្មេងរបស់កម្ពុជា ញាណ សុស៊ីដាន់ បានស៊ុតតាមស្មើវិញ ១-១។ បន្ទាប់ពីរកបានគ្រាប់បាល់តាមស្មើ ម្ចាស់ផ្ទះកម្ពុជា បានព្យាយាមយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់ ប៉ុន្តែមិនអាចធ្វើបាន ចប់ការប្រកួត ៩០នាទី ក្រុមកម្ពុជា បានត្រឹមស្មើជាមួយស្រីលង្កា ១-១។
លុះចូលដល់ម៉ោងបន្ថែ១៥នាទី វគ្គទី១ កម្ពុជា រកបាន ១គ្រាប់នាំមុខវិញ ដោយកីឡាករផ្ការីកគ្រប់រដូវ សុះ ស៊ូហាណា ប៉ុន្តែជាអកុសល់រៀបនឹងចប់ការប្រកួតទៅហើយ ស្រីលង្កា បានតាមស្មើកម្ពុជា ក្នុងលទ្ធផល ២-២។ ដូចនេះក្រុមទាំង២ ត្រូវទាត់បាល់ពិន័យ១១ម៉ែត្រកាត់សេចក្ដី ដោយស្រីលង្កា យកឈ្នះកម្ពុជា ៤-២។
ក្រៅពីក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតទល់នឹងស្រីលង្កា នៅជើងទី២ថ្ងៃនេះ ក៏មានម៉ុងហ្គោលី យកឈ្នះទីម័រខាងកើត និងប្រ៊ុយណេ យកឈ្នះម៉ាកាវ ក្នុងវគ្គជម្រុះ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅថ្ងៃទី១០ កញ្ញា ២០២៤នេះដែរ។
តាមរយ:លទ្ធផលប្រកួតកាលទាំងពីជើង កម្ពុជា ត្រូវហាលអាវត្រឹមវគ្គនេះ ខណៈក្រុមជម្រើសជាតិទីម័រខាងកើត ប្រ៊ុយណេ និងស្រីលង្ការ ដឹកដៃគ្នាឡើងទៅជម្រុះជុំទី៣ ដែលមាន១៩ប្រទេស ដើម្បីប្រកួតប្រជែងគ្នាយក ៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ 2027 AFC Asian Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕