មុនប៉ះគ្នារសៀលនេះ! លោក FELIX DALMAS សរសើរស្រីលង្កាថា រៀបចំខ្លួនបានល្អ ខណៈគ្រូស្រីលង្កាថា ការប្រកួតនេះ នឹងពិបាកសម្រាប់ក្រុមទាំងពីរ
(បាល់ទាត់)៖ ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំដោយលោក FELIX G.DALMAS នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្កា ដែលដឹកនាំដោយលោក Abdullah Almutairi នៅល្ងាចថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ វេលាម៉ោង ៧:០០ នាទីល្ងាច ក្នុងការប្រកួតវគ្គជម្រុះ ជើងទី២ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027។
យ៉ាងណា មុនប៉ះគ្នានៅល្ងាចនេះ គ្រូបង្វឹកកម្ពុជា បានសរសើរស្រីលង្កាថា រៀបចំខ្លួនបានល្អ និងមានកីឡាករល្អច្រើន ខណៈគ្រូបង្វឹកស្រីលង្កា យល់ឃើញថា ទាំងសងសងយល់ឃើញថា ការប្រកួតល្ងាចនេះ ជាជំនួបដ៏តានតឹងមួយ និងពិបាក សម្រាប់ក្រុមទាំងពីរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 លោក FELIX G.DALMAS គ្រូបង្វឹកក្រុមជម្រើសកម្ពុជា បានលើកឡើងថា៖« សម្រាប់ការប្រកួតនេះ ពួកយើងដឹងថា យើងនឹងប្រកួតជាមួយក្រុមដែលរៀបចំខ្លួនបានល្អ ហើយខ្ញុំជឿជាក់ថា នេះជាលើកទីមួយហើយ ដែលកម្ពុជាប្រកួតជាមួយក្រុមដែលមានកីឡាករអឺរ៉ុបច្រើននៅក្នុងក្រុម ប៉ុន្តែពួកយើងនឹងព្យាយាមលេងឲ្យឈ្នះក្នុងការប្រកួតនេះ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនេះ។ យើងសង្ឃឹមថា ការប្រកួតនេះ យើងនឹងយកលទ្ធផលល្អជូនអ្នកគាំទ្រ»។
ចំណែកលោក Abdullah Almutairi គ្រូបង្វឹកក្រុមជម្រើសស្រីលង្កា ក៏បានគូសបញ្ជាក់ថា៖« ពួកយើងពិតជារីករាយដែលបានមកទីនេះ ពួកយើងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ សរុបមកអ្វីៗនៅទីនេះល្អ។ សម្រាប់ការប្រកួតនេះ នឹងពិបាកសម្រាប់ក្រុមទាំង២ ដោយសារនៅជើងទី១ ក្រុមទាំងពីរស្មើគ្នា ដូច្នេះនឹងធ្វើឲ្យការប្រកួតជើងទី២នេះ ពិបាក់សម្រាប់ក្រុមទាំងពីរ»។
គួរបញ្ជាក់ថា ក្នុងការប្រកួតជើងទី១ នៅឯប្រទេសស្រីលង្កា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមទាំងពីរបានប្រកួតស្មើគ្នា ក្នុងលទ្ធផល ០-០៕