ក្រោយចាកចេញ លោក Felix Dalmas ផ្ញើសារលាអ្នកគាំទ្របាល់ទាត់កម្ពុជា
ថ្មីៗនេះ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas សញ្ជាតិអាហ្សង់ទីន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោល ក្រោយរួមរស់ជាមួយគ្នាបានជាង១ឆ្នាំ។
យ៉ាងណាបន្ទាប់ពីការចាកចេញ លោក Felix Dalmas បានបង្ហោះសារលាទៅកាន់អ្នកគាំទ្រ ពិសេសអ្នកសេ្នហាវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងសំណូមពរឲ្យអ្នកគាំទ្របន្តលើកទឹកចិត្ត និងគាំទ្រកីឡាករក្រុមជម្រើសជាតិ។
លោក Felix Dalmas បានបង្ហោះលើទំព័រ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖« សូមអរគុណអ្នកទាំងអស់គ្នា សម្រាប់សារដ៏ល្អរបស់អ្នក និងការស្វាគមន៍យ៉ាងកក់ក្តៅ។ បាល់ទាត់ បាននាំប្រជាជនកម្ពុជារួមគ្នា ចែករំលែកក្តីស្រលាញ់ និងចំណង់ចំណូលចិត្តដូចគ្នា ក្រោមសុបិនតែមួយ។ ត្រូវតែបន្តជឿថា វាអាចទៅរួច! សូមបន្តលើកទឹកចិត្ត និងគាំទ្រកីឡាកររបស់អ្នក! ស៊ូស៊ូកម្ពុជា! វ៉ាមូស កម្ពុជា»។
គួររំលឹកថា លោក Félix Dalmás ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងគ្រូបង្គោលថ្មី កាលពីខែមេសា ឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យារយៈពេល ៤ឆ្នាំ ជំនួសតំណែងអ្នកចាត់ការសញ្ជាតិជប៉ុន លោក Keisuke Honda ។ យ៉ាងណាមិញ បន្ទាប់បីការដឹកនាំក្រុមគោព្រៃកម្ពុជា ទទួលបានលទ្ធផលមិនសូវគាប់ប្រសើរ ទីបំផុតត្រូវបានសហព័ន្ធបញ្ចប់តំណែងរបស់លោក ត្រឹមរយៈពេលជាងមួយឆ្នាំ។
ក្រោមការដឹកនាំរបស់លោក Felix G.Dalmas ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីការប្រកួតជើងឯកពិភពលោក World Cup 2026 ក្នុងវគ្គជម្រុះបឋម និងជើងឯកអាស៊ី 2027 AFC Asian Cup នៅក្នុងវគ្គជម្រុះជុំទី២។
គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងលោក Koji Kyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន ជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix G.Dalmas៕