កម្ពុជា បញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ២៤នាក់ចុងក្រោយ ត្រៀមប្រកួតទល់ ស្រីលង្កា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC នៅព្រឹកថ្ងៃ អង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញបញ្ជីឈ្មោះកីឡាករ២៤នាក់ចុងក្រោយ ដើម្បីត្រៀមចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 វគ្គជម្រុះ ជាមួយក្រុមជម្រើសជាតិស្រីលង្កា។
ក្នុងចំណោមកីឡាករទាំងនោះ គេសង្កេតឃើញថា ក្លិបព្រះខ័នរាជស្វាយរៀង មានកីឡាករច្រើនជាងគេ ពផលគឺមានរហូតដល់៩នាក់ ខណៈ វិសាខា មានកីឡាករ ៧នាក់, ភ្នំពេញក្រោន ៤នាក់, បឹងកេត ២នាក់, អាយអេសអាយ ដង្គោសែនជ័យ មានកីឡាករម្នាក់ និងកីឡាករកូនកាត់ លឹម លោកាថុង ដែលកំពុងប្រកបអាជីពនៅក្រៅប្រទេស។
កីឡាករទាំង២៤នាក់ចុងក្រោយ ត្រៀមប្រកួត ទល់ ក្រុមជម្រើសជាតិស្រីលង្កា មានដូចជា៖ កីឡាករ ហ៊ុល គឹមហ៊ុយ, វីរៈ ដារ៉ា, ថា ច័ន្ទឫទ្ធី, អ៊ន ចាន់ប៉ូលីន, ហ៊ី ម៉ូស្លីម, សឿយ វិសាល, សារ៉េត គ្រីយ៉ា, មីហ្សូណូ ហ៊ីការ៉ុ, កាន់ ម៉ូ, ស៊ិន សុផាណាត់, យូឌៃ អូការ៉ា, ណុប ដេវីត, ប៊ីន ចន្ថាធារី, ថេឡរ នីកូឡាស់, គឹម សុខយុទ្ធ, ស៊ិន សុវណ្ណមករា, លីម លោកថុង, លឹម ពិសុទ្ធ, ញាណ សុស៊ីដាន, មិន រតនៈ, អ៊ុក សុវណ្ណ, ផាន សុផេន, សារ ទី និងហាវ សុខនេត្រ។
គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា ត្រូវប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 វគ្គជម្រុះ ជាមួយក្រុមជម្រើសជាតិស្រីលង្កា ចំនួន២ជើង ពោលគឺជើងទី១ ធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា នៅទីក្រុង 𝗖𝗼𝗹𝗼𝗺𝗯𝗼 ប្រទេសស្រីលង្កា ខណៈជើងទី២ ប្រកួតនៅថ្ងៃទី១០ ខែកញ្ញា នៅពហុកីឡដ្ឋាជាតិអូឡាំពិក។
គួររំលឹកថា សហព័ន្ធកីទ្បាបាល់ទាត់ស្រីលង្កា បានប្រកាសតែងតាំងលោក Abdullah Al Mutairi សញ្ជាតិគុយវ៉ែត ជាគ្រូបង្វឹកបណ្ដោះអាសន្ន ដើម្បីដឹកនាំក្រុមពេលជួបក្រុមគោព្រៃកម្ពុជា សម្រាប់ការប្រកួតជម្រុះ AFC Asian Cup Qualifiers នេះ៕