វៀតណាម ណាត់ ថៃ និងរុស្ស៊ី ប្រកួតមិត្តភាព នៅខែកញ្ញា
(បាល់ទាត់)៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ហៅកាត់ថា VFF បានប្រកាសថា វៀតណាម នឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិថៃ និងរុស្ស៊ី ក្នុងថ្ងៃ FIFA Days ក្នុងខែកញ្ញាខាងមុខនេះ។
បើតាមការចេញផ្សាយរបស់កាសែត Vietnam Express ក្រុមជម្រើសជាតិវៀតណាម នឹងប្រកួតជាមួយថៃ និងរុស្ស៊ី នៅពហុកីឡដ្ឋានជាតិ My Dinh ក្នុងទីក្រុងហាណូយ។ ការប្រកួតទាំងអស់របស់ក្រុមវៀតណាម នឹងធ្វើឡើងនៅម៉ោង ៧:៣០ យប់ ដោយការប្រកួតជាមួយរុស្ស៊ី នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែកញ្ញា និងប្រកួតជាមួយថៃ នៅថ្ងៃទី ១០ ខែកញ្ញា។
មែនទែនទៅ នេះជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ ២០១៩ ដែលក្រុមដំរិសឹកថៃ និងវៀតណាម ប្រកួតមិត្តភាព។ ត្រលប់មកវិញ ក្រុមវៀតណាម ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតពានរង្វាន់ King’s Cup របស់ប្រទេសថៃ និងបានឈ្នះ ក្នុងលទ្ធផល ១-0 ក្នុងវគ្គចែកពូល ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េ Park Hang-seo។
FIFA និង UEFA បានហាមប្រាមក្រុមជម្រើសជាតិរុស្ស៊ី មិនឱ្យចូលរួមក្នុងការប្រកួតអន្តរជាតិនោះទេ ប៉ុន្តែអាចប្រកួតមិត្តភាពបាន។ នៅឆ្នាំ ២០២៤ ក្រុមរុស្ស៊ី បានប្រកួតមិត្តភាពចំនួនពីរលើក ដោយឈ្នះ ៤-0 ទល់នឹង ស៊ែប៊ី និងយកឈ្នះ បេឡារុស្ស ក្នុងលទ្ធផល ៤-0 ដូចគ្នា។ នៅ
ដោយសារតែការប្រកួតធ្វើឡើងក្នុងអំឡុង FIFA Days ទាំងវៀតណាម និងថៃ នឹងដាក់ក្រុមខ្លាំងៗរបស់ពួកគេ។ ក្រុមថៃ ត្រូវបានគេរំពឹងថា នឹងហៅកីឡាករជាបន្តបន្ទាប់ ដែលកំពុងលេងនៅបរទេសមកចូលរួមក្នុងការប្រកួតខាងមុខ នៅទីក្រុងហាណូយ។
ទន្ទឹមនឹងនោះ ក្រុមរុស្ស៊ី ត្រូវបានចាត់ទុកថា ជាគូប្រកួតកម្រិតខ្ពស់ជាងក្រុមវៀតណាម ដូច្នេះនេះជាឱកាសសម្រាប់វៀតណាម ក្នុងការរៀនសូត្រ និងទទួល បទពិសោធន៍បន្ថែមទៀត។
ក្រោយប្រកួតមិត្តភាពជាមួយវៀតណាម ក្រុមជម្រើសជាតិរុស្សី នឹងធ្វើដំណើរទៅប្រទេសថៃ ដើម្បីប្រកួតមិត្តភាពនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ នឹងក្លាយជាការប្រកួតកម្ដៅសាច់ដុំ សម្រាប់ក្រុមវៀតណាម ដើម្បីត្រៀមប្រកួតពានរង្វាន់អាស៊ាន ឆ្នាំ២០២៤ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ។ ក្នុងពានរង្វាន់នេះ វៀតណាម ស្ថិតក្នុងពូលជាមួយ ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ៕