សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹត្តិការណ៍ស៊ីហ្គេម ជាមោទនភាពរបស់ជាតិក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស និងក្នុងស្រុក អញ្ជើញមកចូលរួមព្រឹត្តការណ៍ស៊ីហ្គេម ទាំងអស់គ្នា។ សម្តេចតេជោ ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់ ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ចំពោះបងប្អូនខ្មែរនៅក្រៅប្រទេសមកលេងស្រុកកំណើតមានគោលបំណង២ គឺទី១ មកលេងក្នុងពិធីអង្គរសង្រ្កាន្តជាប្រពៃណីខ្មែរ មកកំសាន្តសប្បាយនៅស្រុកខ្មែរ នាពេលខាងមុខនេះ និងទី២ មកចូលរួមទស្សនាព្រឹត្តការណ៍ស៊ីហ្គេមផងដែរ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា គណបក្សដែលមិនស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល ក៏មានចំណែកទទួលនូវការចូលរួមបានផងដែរ ដោយមិនសំដៅតែលើគណបក្សប្រជាជនកម្ពុជានោះទេ បើទោះបីមាន បក្សតិចមិនបានអប អរសាទរក៏អ្ហៃទៅចុះ ក្រុមប្រឆាំងមានទន្លាប់ប្រឆាំងទៅហើយ ផ្ទុយពីគណបក្សដទៃជាច្រើនទៀត គេបានចូលរួមអបអរសាទរចំពោះការខិតខំរបស់កីឡាករកីឡាការិនី ឬការប្រកួតស៊ីហ្គេមក្នុងប្រទេសកម្ពុជា។ ពីព្រោះព្រឹត្តការណ៍ស៊ីហ្គេមនេះមិនមែនជារឿងដាច់ដោយឡែក របស់រាជរដ្ឋាភិបាល ឬរបស់គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចនោះទេ ប៉ុន្តែជារឿងរួមរបស់ជាតិទាំងមូលតែម្តង ដែលបង្ហាញពីមុខមាត់ និងកិត្យានុភាពរបស់ជាតិតាមរយៈវិស័យកីឡានៅលើឆាកអន្តរជាតិ៕