ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាជូនដល់និស្សិត និងសិក្ខាកាមវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាលចំនួន ៥៦៨នាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពីការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ជូនដល់និស្សិត និងសិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់៦ សរុប ៥៦៨នាក់។
ការធ្វើបាឋកថារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នេះ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីចែករំលែក បទពិសោធន៍ការងារជាក់ស្តែងនៃការដឹកនាំកងកម្លាំងថែរក្សាសន្តិសុខសណ្តាប់សុវត្ថិភាពសង្គម។
កិច្ចការងារប្រតិបត្តិការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យមានប្រសិទ្ធភាព ត្រូវរៀបចំចាំបាច់មានគោលការណ៍៥ចំណុចរួមាន:១.រៀបចំផែនការសកម្មភាព ២.ចាត់តាំងអនុវត្ត ៣.ឆន្ទៈអនុវត្តនិង៤.ភាពស្មោះត្រង់និងវិជ្ជាជីវៈ។
ជាងនេះថែមទៀតត្រូវគ្រប់គ្រងកម្លាំងឲ្យបានម៉ឺងម៉ាត់ ក្តាប់សភាពការណ៍ទូទៅឲ្យបានច្បាស់លាស់ បែងចែកភូមិសាស្រ្តទទួលខុសត្រូវ បញ្ចេញកម្លាំងអនុវត្ត ជាមួយការប្រើប្រាស់វិធានការជំនាញ និងមានការដឹកនាំប្រតិបត្តិការឲ្យបានច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព។
នាឱកាសនោះ ឯកឧត្តមស្នងការក៏បានឧបត្ថម្ភថវិកាចំនួន៤លានរៀល ក្នុងនោះ ជូនសិក្ខាកាមនគរបាល២លានរៀលនិងជូនគណៈគ្រប់គ្រងសាលា២លានរៀល៕