Xiaomi បង្ហាញមហិច្ឆតាចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលលំដាប់ទី៥ នៅក្នុងរយ:ពេល ២០ឆ្នាំទៀត
បរទេស៖ Xiaomi ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្សថ្មីមួយរបស់ចិន បានបង្ហាញមហិច្ឆតារបស់ខ្លួនចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តលំដាប់ទី៥នៅលើពិភពលោកក្នុងពេលពេល ២០ឆ្នាំខាងមុខទៀត ខណ:ដែលបច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី៥នៅលើពិភពលោក។
នៅក្នុងបទសម្ភាសន៍មួយ លោក Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បាននិយាយថា «មហិច្ឆតារបស់ក្រុមហ៊ុនសម្រាប់ពេលអនាគត គឺចង់បានតំណែងមួយជាក្រុមហ៊ុនផលិតរថយន្តកំពូលលំដាប់ទី៥។ វាអាចស្តាប់ទៅសុទិដ្ឋិនិយមបន្តិច ប៉ុន្តែដោយសារការពង្រីកទីផ្សារយ៉ាងឆាប់រហ័សនៃរថយន្តអគ្គិសនី (EV) នៅក្នុងរយ:ពេលពីបីឆ្នាំចុងក្រោយនេះ វាបានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តចាស់ៗមួយចំនួនត្រូវបាត់បង់ចំណែកទីផ្សារ ខណ:ក្រុមហ៊ុនផលិតរថយន្តថ្មីៗដូចជា Xiaomi បាននិងកំពុងតែកើនឡើងទីផ្សារជាបន្តបន្ទាប់។ Xiaomi ជឿជាក់ថា ខ្លួនមានអ្វីគ្រប់យ៉ាងដែលនឹងអាចឈានទៅដល់គោលដៅជាក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលទី៥បាន។
លោក Lei Jun បានបន្ថែមទៀតថា គម្រោងផលិតរថយន្ត Xiaomi Auto នឹងអាចប្រគួតប្រជែងនៅលើទីផ្សារប្រទេសចិនបាននៅក្នុងរយ:ពេល ៦ទៅ៧ឆ្នាំខាងមុខទៀត ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ វត្តមានរថយន្តរបស់ Xiaomi នឹងធ្វើឱ្យទីផ្សាររថយន្តមានការរំជើបរំជួល។ នាយកប្រតិបត្តិរូបនេះបាននិយាយឱ្យភាពជឿជាក់ទៀតថា ក្រុមហ៊ុន Xiaomi មិនមែនប្រើប្រាស់តែបច្ចេកវិទ្យាដើម្បីដណ្ដើមយកចំណែកទីផ្សារប៉ុណ្ណោះទេ គឺ Xiaomi មានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ជាមួយនឹងអ្នកប្រើប្រាស់ ហើយ Software ថ្មីៗដែល Xiaomi បានបង្កើតឡើងគឺអភិវឌ្ឍន៍ទៅតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន។
កាលពីឆ្នាំមុន Xiaomi Auto បានទាក់ទាញការវិនិយោគចំនួន ៤៣៩លានដុល្លារអាមេរិក ដោយបង្កើតបានកម្លាំងពលកម្មបម្រើការងារនៅក្នុងផ្នែកអភិវឌ្ឍន៍ និងស្រាវជ្រាវ (R&D) សរុបជាង ២៣០០នាក់ ហើយរថយន្តដំបូងរបស់ក្រុមហ៊ុនបានចូលក្នុងការធ្វើតេស្តរដូវរងាររួចហើយ ដូច្នេះវាហាក់ដូចជាអ្វីៗដំណើរការលឿន លឿនជាងការរំពឹងទុក។
ចក្ខុវិស័យរបស់ក្រុមហ៊ុន Xiaomi គឺផ្តល់ជូននូវការរួមបញ្ចូលយ៉ាងរលូនលើគ្រប់ឧបករណ៍ទាំងអស់ក្នុងជីវិតរបស់មនុស្ស ដូចជាស្មាតហ្វូន សម្ភារ:ប្រើប្រាស់ក្នុងផ្ទះបែបឆ្លាតវៃ និងរថយន្ត។ ក្រុមហ៊ុនចង់នាំមកជូនអ្នកនូវកញ្ចប់មួយដ៏ពេញលេញ។
ដោយផ្អែកលើភាពជោគជ័យរបស់ក្រុមហ៊ុន Xiaomi នៅក្នុងគ្រឿងអេឡិចត្រូនិក លោក Lei Jun ជឿជាក់ថា ការធ្វើទីផ្សាររថយន្តថ្មីនេះ នឹងមិនពិបាកជាមួយនឹងហាងលក់ជាច្រើននៅទូទាំងពិភពលោក និងការភ្ជាប់ទំនាក់ទំនងលក់រាយនោះទេ៕