Close

ក្រុមហ៊ុនរបស់ចិនចង់បង្កើតកិច្ចសហការផ្តល់សេវាកម្មបញ្ចូនផ្កាយរណបគ្រប់គ្រងទិន្នន័យព្រៃឈើរបស់កម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនរបស់ចិនចង់បង្កើតកិច្ចសហការផ្តល់សេវាកម្មបញ្ចូនផ្កាយរណបគ្រប់គ្រងទិន្នន័យព្រៃឈើរបស់កម្ពុជា ក្រុមហ៊ុនរបស់ចិនចង់បង្កើតកិច្ចសហការផ្តល់សេវាកម្មបញ្ចូនផ្កាយរណបគ្រប់គ្រងទិន្នន័យព្រៃឈើរបស់កម្ពុជា

ភ្នំពេញ៖ លោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD បានបង្ហាញពីបំណងបង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា លើការគ្រប់គ្រងទិន្នន័យដែលបញ្ចូនចេញពីផ្កាយរណប ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា។

លោក ចាង ខឺស៊ាងតុង(Zhang Xiaodong) បានបង្ហាញពីបំណងបែបនេះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងពេលលោកដឹកនាំគណៈប្រតិភូរបស់ក្រុមហ៊ុន ចូលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

នាឱកាសនោះ លោក លោក ចាង ខឺស៊ាងតុងថ្លែងថាប្រតិបត្តិការផ្កាយរណបសង្កេតផែនដីចំនួន ៤០គ្រឿងក្នុងគន្លងតារាវិថី ដែលមានវិសាលភាពទូលំទូលាយបំផុតក្នុងការទទួលបាននូវរូបភាពផ្កាយរណប និងការផលិតផលទិន្នន័យពីផ្កាយរណប។

លោក ចាង ខឺស៊ាងតុងបន្តថា៖«ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិសាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិស្ថាន ជំនួយសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត»។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការការពារព្រៃឈើ និងធនធានធម្មជាតិ គឺការងារអាទិភាពបំផុត ដែលក្រសួងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់ និងការពារដើម្បីទប់ស្កាត់នូវបទល្មើសព្រៃឈើ និងធនធានធម្មជាតិដោយខុសច្បាប់ និង
បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD ដែលមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន។

ឯកឧត្តម បន្ថែមថា ជាក់ស្តែងក្រសួងបរិស្ថានបានប្រើប្រាស់រួចទៅហើយ ចំពោះការពិនិត្យ តាមដាន និងវិភាគព័ត៌មានតាមរយៈទិន្នន័យដែលទទួលបានផ្កាយរណប ហើយការទទួលបានទិន្នន័យទាំងនេះ ក៏ជាផ្នែកមួយជួយពន្លឿនដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមភ្លាមៗ នៅតាមតំបន់គោលដៅផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានផ្តល់ឱកាសឱ្យទៅអ្នកជំនាញរបស់ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលំអិតអំពីប្រសិទ្ធភាពនៃគម្រោង ដើម្បីជំរុញការងារគ្រប់គ្រង និងការពារព្រៃឈើ ធនធានធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពទេ្វដង ធានាឱ្យបាននូវផលប្រយោជន៍ជូនចំពោះប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង