Vinicius Jr សម្រេចបន្តកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៧
ក្លិបអធិរាជស Real Madrid បានប្រកាសជាផ្លូវការនូវការបន្តកុងត្រាថ្មីរបស់ Vinicius Junior រហូតដល់ឆ្នាំ២០២៧ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធរូបនេះនឹងផុតកំណត់នៅឆ្នាំ២០២៤។
កិច្ចសន្យានេះគឺជាសញ្ញាច្បាស់លាស់នៃការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ក្លឹប ចំពោះកីឡាករប្រេស៊ីល ដែលបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីក្លាយជាកីឡាករដ៏មានឥទ្ធិពល និងជាកីឡាករដ៏សំខាន់របស់ក្លិប។
បេីតាមការបញ្ជាក់របស់ក្លិប កិច្ចព្រមព្រៀងថ្មីនេះ រួមបញ្ចូលទាំងការដំឡើងប្រាក់បៀវត្សរ៍ ដើម្បីដាក់គាត់នៅក្នុងបញ្ជីកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្រុម។ ពេលនេះ តម្លៃខ្លួនទិញផ្ដាច់របស់គេ គឺមានចំនួន ១ពាន់លានអឺរ៉ូ។
គួររំលឹកថា Real Madrid ទិញយក Vinicius ជាផ្លូវការ ក្នុងខែកក្កដា ឆ្នាំ ២០១៨ ក្នុងវ័យត្រឹមតែ ១៨ឆ្នាំ ហើយគាត់បានបង្ហាញខ្លួនជាលើកដំបូងអោយ Real Madrid Castilla នៅថ្ងៃទី ២៦ ខែសីហា ក្នុងឆ្នាំដដែល។
ក្នុងអំឡុងពេលប្រាំមួយរដូវកាល ដែលបានពាក់អាវក្រុមឈុតធំ រូបគេបានបង្ហាញខ្លួនចំនួន ២៣៥ប្រកួត ស៊ុតបញ្ចូលទីបាន ៦៣គ្រាប់ និងឈ្នះពានរង្វាន់ចំនួន ៩ដែលរួមមាន៖ Champions League 1 ដង, Club World Cup 2 ដង, European Super Cup 1 ដង, La Liga 2 ដង, Copa del Rey 1 ដង និងSpanish Super Cups ចំនួន ២ដង៕