អ៊ីរ៉ង់ ៖ អាមេរិក នឹងមិនរួចខ្លួននោះទេ បើសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស រីករាលដាល
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានថ្លែងទៅកាន់អង្គសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិកដាច់ខាតកុំគិតថាខ្លួនឯងអាចរួចខ្លួននោះប្រសិនបើអំពីប្រល័យពូជសាសន៍របស់អ៊ីស្រាអែលចំពោះជនប៉ាឡេស្ទីននៅតែបន្ត ហើយសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាសនឹងរីករាលដាលបន្ថែមទៀត។
លោក Amir-Abdollahian បានលើកឡើងអំពីជំហរបស់អ៊ីរ៉ង់បន្ថែមទៀតថា៖ អ្វីដែលខ្ញុំអាចបញ្ជាក់នៅពេលនេះរដ្ឋបុរសអាមេរិក និងកងកម្លាំងយោធាអាមេរិកគឺជាអ្នកគ្រប់គ្រងផែនការប្រល័យពូជសាសន៍របស់អ៊ីស្រាអែលមកលើជនប៉ាឡេស្ទីន ប៉ុន្តែពួកយើងមិនស្វាគមន៍ការពង្រីកភ្លើងសង្គ្រាមឲ្យឆាបឆេះបន្ថែមទៀតនៅក្នុងតំបន់ឡើយ។
លោករដ្ឋមន្ត្រីក៏បានព្រមានទុកជាមុនដែរថា៖ ខ្ញុំមិនចង់ឃើញសកម្មភាពទាំងនោះបន្តកើតឡើងនៅក្នុងតំបន់ហ្គាហ្សាឡើយ ហើយអាមេរិកនឹងមិនអាចយករួចខ្លួនបានជាដាច់ខាត។ នៅទីនេះគឺជាផ្ទះកំណើតរបស់យើង ហើយអាស៊ីខាងកើតគឺជាដែនដីរបស់យើង។ យើងនឹងមិនសម្របសម្រួលជាមួយនឹងភាគីណា ឬទុកពេលឲ្យអ្នកណាឡើយនៅពេលដែលមានបញ្ហាប៉ះពាល់ដល់សន្តិសុខរបស់ពួកយើង។
សូមរំលឹកថា មុននេះបន្តិចប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការប្តេជ្ញាចិត្ត និងសន្យាហើយថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោននឹងឈរជំហជាមួយនឹងអ៊ីស្រាអែលជារៀងរហូត និងកំពុងពន្លឿនកញ្ចប់ជំនួយថវិកាប្រមាណជា១៤ពាន់លានដុល្លារផងដែរសម្រាប់រដ្ឋជ្វីហ្វមួយនេះក្នុងការរៀបចំប្រតិបត្តិការពិសេសប្រឆាំងទៅនឹងក្រុមហាម៉ាស។
ទន្ទឹមគ្នានឹងនេះផងដែរ គេសង្កេតឃើញថាសហរដ្ឋអាមេរិកបានរៀបចំក្រុមនាវាផ្ទុកយន្តហោះចំនួន២ និងកងកម្លាំងទ័ពជើងទឹកផ្សេងទៀត ព្រមទាំងកងអនុសេនាធំនៃយន្តហោះចម្បាំង F-16 ប្រព័ន្ធការពារដែនអាកាស និងកងទ័ពចំនួន៩០០នាក់ទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។
លោក Biden និងក្រុមមន្ត្រីរបស់គាត់បានពន្យល់ថា ការដាក់ពង្រាយកងកម្លាំងទាំងនេះមានគោលបំណងរារាំងអ៊ីរ៉ង់ពីការចូលរួមក្នុងជម្លោះ ដោយផ្ទាល់ ហើយក៏ជាការព្រមានទៅដល់ក្រុមសកម្មប្រយុទ្ធ Hezbollah នៅក្នុងប្រទេសលីបង់ផងដែរមិនឲ្យចូលរួមពាក់ព័ន្ធទៅនឹងជម្លោះអ៊ីស្រាអែល និងហាម៉ាសឡើយ៕