SpaceX ត្រៀមបាញ់បង្ហោះយានអវកាស Starship ជាលើកដំបូងរបស់ខ្លួននៅខែមីនា ក្នុងបេសកកម្មនាំយកមនុស្សទៅកាន់ឋានព្រះចន្ទ
បរទេស ៖ ក្រុមហ៊ុន SpaceX ទំនងជានឹងបាញ់បង្ហោះយានអវកាស Starship របស់ខ្លួនជាលើកដំបូងនៅក្នុងខែមីនាខាងមុខនេះ ដើម្បីឱ្យប្រាកដថា វាដំណើរការបានល្អ ហើយត្រៀមនឹងដឹកនាំយកមនុស្សទៅកាន់ឋានព្រះចន្ទ ក្នុងលក្ខខណ្ឌជាមួយអង្គការ NASA។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម Twitter អំពីការប្រើប្រាស់ Starship លោក Musk នាយកប្រតិបត្តិ SpaceX បានបង្ហោះថា «ប្រសិនបើការសាកល្បងចុងក្រោយដំណើរការល្អ យើងនឹងព្យាយាមដាក់ឱ្យដំណើរការ Starship នៅខែក្រោយនេះតែម្តង»។
លោក Musk ធ្លាប់បានបង្ហោះសារនៅលើ Twitter កាលពីប៉ុន្មានខែមុនថា លោកត្រៀមនឹងបាញ់បង្ហោះ Starship ជាលើកដំបូង នៅក្នុងចន្លោះខែកុម្ភៈ ឬមីនា។
បេសកកម្មបាញ់បង្ហោះយានអវកាស Starship នេះ គឺស្ថិតនៅក្រោមកិច្ចសន្យាតម្លៃប្រមាណជា ៣ពាន់លានដុល្លារ ជាមួយនឹងអង្គការ NASA ដើម្បីនាំយកមនុស្សទៅកាន់ផ្ទៃឋានព្រះចន្ទ នៅឆ្នាំ២០២៥ ហើយវាក៏ជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ១៩៧២មក៕