វេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣ សម្របសម្រួលកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែប្រសើរ
(ខេត្តហៃណាន)៖ នាព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៣ នៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ ចូលរួម “វេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣”។
វេទិកាធុរកិច្ចអាស៊ីបូព៌ា ដែលត្រូវបានផ្ដួចផ្ដើមឡើង ដោយក្រុមប្រឹក្សាចិនសម្រាប់ការជម្រុញពាណិជ្ជកម្មអន្ដរជាតិ (China Council for the Promotion of International Trade ឬ CCPIT) និងគាំទ្រដោយក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មនៃ សាធារណរដ្ឋប្រជាមានិតចិន គឺជាវេទិកានៃយន្ដការកិច្ចសហ ប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងចំណោមសហគមន៍ធុរកិច្ចក្នុងប្រទេសអាស៊ីបូព៌ា។
វេទិកានេះផ្ដល់នូវការអនុវត្ដកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរទម្រង់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងបទពិសោធន៍ ការពិភាក្សាអំពីនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ការសម្របសម្រួលកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ ការជំរុញសមាហរណកម្មសេដ្ឋកិច្ចរវាងរដ្ឋាភិបាល និងសមាគមអាជីវកម្មរបស់ប្រទេសក្នុងតំបន់ ដែលរួមមានប្រទេសក្នុងតំបន់អាស៊ាន ប្រទេសចិន សាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសឥណ្ឌា ប្រទេសអូស្ដ្រាលី និង ប្រទេសនូវែលហ្សែឡង់។
វេទិកានេះធ្វើឡើងក្រោមប្រធានបទ “ការប្រមូលផ្ដុំ និងការជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងតំបន់” ដោយបានអញ្ជើញថ្នាក់ដឹកនាំពីបណ្ដាអង្គការអន្ដរជាតិ ស្ថាប័នរាជរដ្ឋាភិបាលចំនួន ១៥ ប្រទេសសមាគមអាជីវកម្ម ស្ថានទូត និង អគ្គកុងស៊ុលនៅប្រទេសចិន ប្រធានសហគ្រាសបរទេស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាចិនសម្រាប់ការជម្រុញពាណិជ្ជកម្មអន្ដរជាតិ (CCPIT) អភិបាល ខេត្ដហៃណាន អ្នកជំនាញក្នុងស្រុក អ្នកប្រាជ្ញក្នុងវិស័យពាក់ព័ន្ធ និងសហគ្រិនល្បី ឈ្មោះដើម្បី ចូលរួមផងដែរ។
ក្នុងនោះ គណៈប្រតិភូបានពិភាក្សាទៅលើប្រធានបទចំនួន៣ ដែលប្រធានបទទី១ ស្ដីពី “ការកែទម្រង់ការបែង ចែកខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មនៃប្រព័ន្ធការងារ កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្ម តំបន់ និងសេដ្ឋកិច្ចអោយកាន់តែស៊ីជម្រៅ” ប្រធានបទទី២ ស្ដីពី “ការរួមគ្នាពង្រឹងនូវយុទ្ធសាស្រ្ត អភិវឌ្ឍន៍ក្រោយការរាតត្បាត និងការធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានភាពរស់រវើកឡើងវិញ” និងប្រធាន បទទី៣ ស្ដីពី “កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន និង ប្រទេសក្នុង តំបន់អាស៊ាន”៕