វិធី ៧ យ៉ាងអាចជួយបញ្ចុះជាតិស្ករ និងកាត់បន្ថយរោគា
ទោះជារសជាតិផ្អែមជួយបង្កើនភាពឈ្ងុយឆ្ងាញ់ដល់ម្ហូបអាហារក៏ដោយ តែបើបរិភោគក្នុងបរិមាណច្រើននឹងធ្វើឱ្យកើតរោគធាត់ រោគបេះដូង និងរោគលើសឈាមបាន ដូច្នេះវិធីងាយបំផុត និងឃើញលទ្ធផលល្អបំផុតក្នុងការសម្រកទម្ងន់ និងថាមពលគឺកាត់បន្ថយការទទួលទានស្ករចុះបន្តិចម្តងៗ ដូចជា បន្ថយបរិមាណស្ករនៅក្នុងទឹកតែ កាហ្វេ ឬអាចប្រើស្ករសិប្បនិមិត្ត និងចៀសវាងអាហារដែលមានស្ករច្រើន ដោយវិធីដូចខាងក្រោមនេះ៖
១. កុំភ្លេចខ្លួនជឿពាក្យឃោសនាថា វាជា “ស្ករសុខភាព” ព្រោះមិនថាជាស្ករប្រភេទណាក៏ដោយ ក៏សុទ្ធតែផ្តល់នូវថាមពលស្មើគ្នាទាំងអស់ ។
២. ទទួលទានផ្លែឈើជំនួសនំ ឬបង្អែម ព្រោះផ្លែឈើមានវិតាមីន សារធាតុរ៉ែ និងមានកាកសរសៃដែលជួយ ឬពន្យារការបឺតជ្រាបជាតិស្ករទៅក្នុងរាងកាយ និងខាបូហាយដ្រេតដែលជាមូលហេតុរបស់រោគធាត់ និងគួរចៀសវាងញ៉ាំទឹកផ្លែឈើកំប៉ុង ព្រោះនឹងទទួលបានជាតិស្ករលើសពីតម្រូវការ ។
៣. បន្ថយ ឬកម្ចាត់ខាបូហាយដ្រេតបំប្លែង ពពួកនំប៉័ង និងនំបេឃើរីដែលនឹងប្រែក្លាយទៅជាស្ករនៅក្នុងឈាមបានលឿនប្រហាក់ប្រហែលគ្នានឹងការញ៉ាំ គ្លុយខូសដែរ ក្រៅពីនេះខាបូហាយដ្រេតដែលសល់ពីការប្រើប្រាស់នឹងត្រូវប្រមូលសន្សំជា Triglyceride ជាខ្លាញ់ដែលរាងកាយរក្សាទុកជាស្បៀង ។
៤. ប្រយ័ត្នអាហារចម្អាបគ្មានជាតិខ្លាញ់ តាមរយៈការជឿខុសៗដែលថា បើអាហារគ្មានជាតិខ្លាញ់ នឹងមិនធ្វើឱ្យធាត់ទេការពិតវិញ អាហារគ្មានជាតិខ្លាញ់ នៅមានស្ករ និងបរិមាណកាឡូរីខ្ពស់ផងដែរ ។
៥. អានស្លាកណែនាំរបស់អាហារដើម្បីរកមើលជាតិស្ករ និងជាតិខ្លាញ់មិនល្អ សម្រាប់អ្នកដែលកើតរោគទឹកនោមផ្អែម អាចប្រើប្រាស់សារធាតុផ្អែមប្រភេទផ្តល់ថាមពលតិច ដែលច្រើនមានបញ្ជាក់នៅលើស្លាកអាហារថា “គ្មានជាតិស្ករ” ឬ “Sugar free” ។
៦. ប្រយ័ត្នការប្រើសារធាតុផ្តល់ជាតិផ្អែមសិប្បនិមិត្ត ឬសារធាតុជំនួសភាពផ្អែមច្រើនលើសកំណត់ ព្រោះអាចធ្វើឱ្យរាងកាយកើតមានភាពចង់ញ៉ាំស្ករ ឬខាបូហាយដ្រេតកាន់តែខ្លាំងឡើង ។
៧. គណនាបរិមាណជាតិស្ករដោយអានព័ត៌មានភោជនាហារដែលបង្ហាញពីបរិមាណជាតិស្ករទាំងអស់ជាក្រាម រួចចែកជា ៤ នឹងបានស្មើនឹងចំនួនជាតិស្ករដែលយើងញ៉ាំចូលទៅជារង្វាស់ស្លាបព្រាកាហ្វេ៕