Close

មន្ត្រីក្រសួងសាធារណៈការ ធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េ រំពឹងពង្រឹងវិស័យភស្តុភារកម្ម ឱ្យកាន់តែប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
មន្ត្រីក្រសួងសាធារណៈការ ធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េ រំពឹងពង្រឹងវិស័យភស្តុភារកម្ម ឱ្យកាន់តែប្រសើរ មន្ត្រីក្រសួងសាធារណៈការ ធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េ រំពឹងពង្រឹងវិស័យភស្តុភារកម្ម ឱ្យកាន់តែប្រសើរ

ចាប់ពីថ្ងៃីទី ១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីអគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួង​សាធារណការ និងដឹកជញ្ជូន​បានចូលរួមវគ្គបណ្ដុះបណ្ដាលខ្លី និងទស្សនកិច្ចសិក្សាទីតាំង​សំខាន់ៗពាក់ព័ន្ធវិស័យភស្តុភារកម្ម នៅសាធារណរដ្ឋកូរ៉េ។

វគ្គបណ្ដុះបណ្ដាលនេះដែរស្ថិតក្នុងគម្រោង «ការធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា និងការ​អនុវត្ត សាកល្បងនៃប្រព័ន្ធកុំព្យូទ័រក្នុងវិស័យភស្តុភារកម្ម» ស្ថិតក្រោមកម្មវិធីជំនួយអភិវឌ្ឍន៍​ផ្លូវការ​របស់ សាធារណរដ្ឋកូរ៉េ (Korea’s ODA) តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងជាមួយនឹងគោលបំណង ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹង​សំខាន់ៗក្នុងការរៀបចំផែនការ និងវិធីសាស្រ្តវិភាគផលចំណេញនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ភស្តុភារកម្ម ផ្តល់ចំណេះដឹងអំពីការធ្វើទំនើបកម្មទិន្នន័យក្នុងវិស័យភស្តុភារកម្ម ព្រមទាំងស្វែងយល់​ការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្មនៅសាធារណរដ្ឋកូរ៉េ។

រីឯប្រធានបទដែលលើកមកបណ្ដុះបណ្ដាលរួមមាន ការវិភាគសេដ្ឋកិច្ចនៃវិស័យភស្តុភារកម្មក្នុង​គម្រោង ODA ការគណនាអត្រាចំណេញត្រឡប់វិញផ្នែកសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុ (EIRR & FIRR) បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មក្នុងវិស័យភស្តុភារកម្ម ការណែនាំ និងការអនុវត្តបច្ចេកវិទ្យា​ស្វ័យប្រវត្តិ​កម្ម​ក្នុងឧស្សាហកម្មដឹកជញ្ជូនចុងក្រោយ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន ទិដ្ឋភាពទូទៅនៃភស្តុភារ​កម្មតាមផ្លូវអាកាស និងភស្តុភារកម្មបែបឆ្លាតវៃនៅអាកាសយានដ្ឋាន។

ដោយឡែក ការចុះទស្សនកិច្ចសិក្សា ធ្វើឡើងនៅតាមទីតាំងសំខាន់ៗនានា រួមមាន៖ ក្រុមហ៊ុន Korean Superfreeze សាលពិព័រណ៍អាជ្ញាធរកំពង់ផែ Yeosu-Gwangyang សាលពិព័រណ៍​អាជ្ញាធរកំពង់ផែ Busan និង សាលពិព័រណ៍អាជ្ញាធរតំបន់សេដ្ឋកិច្ចសេរី Busan-Jinhae។

ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្មក៏បានណែ​នាំដល់​សិក្ខាកាម​ចូលរួមទាំងអស់ ទាំងមន្រ្តីរាជការ និងបុគ្គលិកវិស័យឯកជន ត្រូវយកចិត្តទុកដាក់ក្រេបយក​ចំណេះដឹង​ឱ្យអស់លទ្ធភាព ពីវគ្គបណ្ដុះបណ្ដាល និងទស្សកិច្ចសិក្សានាឱកាសនេះ ដើម្បីយកចំណេះដឹងទាំងនោះទៅអនុវត្តនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជាបម្រើឱ្យការ រីកចម្រើននៃវិស័យដឹកជញ្ជូននៅកម្ពុជា៕

អត្ថបទទាក់ទង