Asian Games ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយ ឥណ្ឌា ស្អែកនេះ
(បាល់ទះ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨.០០នាទី (ម៉ោងនៅកម្ពុជា) ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ផ្នែកបុរស នឹងចាប់ផ្ដើមយុទ្ធនាការ Asian Games របស់ខ្លួន ដោយប៉ះជាមួយ ក្រុមបាល់ទះជម្រើសជាតិឥណ្ឌា នាកីឡដ្ឋាន China Textile City Sports Center Gymnasium ក្នុងប្រទេសចិន។
មែនទែនទៅ នេះគឺជាលើកដំបូង ដែលក្រុមបាល់ទះបុរសកម្ពុជា ត្រូវបង្ហាញខ្លួនជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីនេះ បន្ទាប់ពីខកខានអស់រយៈពេល ៥៣ឆ្នាំ ដ្បិតការប្រកួតលើកចុងក្រោយ ក្រុមបាល់ទះបុរសកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ។
បន្ទាប់ពីប្រកួតជាមួយឥណ្ឌា កម្ពុជា សម្រាកបានតែពីរថ្ងៃប៉ុណ្ណោះ ហើយនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣.៣០នាទី (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Linping Sports Center Gymnasium។
ខាងក្រោមនេះ ជាសមាសភាពប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករជម្រើសជាតិបាល់ទះកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំនេះ៖
-លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រតិភូដឹកនាំ
-លោក លី ជុន គ្រូបង្វឹក
-លោក ប្រ៊ីអូល បាវីយូស ប៊ឺតតុ គ្រូជំនួយ
កីឡាករ៖
-សួន ចាន់ណារ៉ូ កីឡាករលើកបាល់
-វឿន វាសទា កីឡាករវាយប្រយុទ្ធ
-ថុល រតនៈ កីឡាករប្រយុទ្ធកណ្ដាល
-សឿន ហេង កីឡាករប្រយុទ្ធកណ្ដាល
-គួន ម៉ុម កីឡាករវាយប្រយុទ្ធ
-ប៊ន ណារិទ្ធ កីឡាករលើកបាល់
-ខឹម សុវណ្ណដារ៉ កីឡាករ LIBERO
-ធី ម៉េងហួង កីឡាករវាយប្រយុទ្ធ
-ពិន សារុន កីឡាករវាយប្រយុទ្ធ
-មឿន ម៉េងឡាយ កីឡាករវាយប្រយុទ្ធ
-មួន និមល កីឡាករប្រយុទ្ធកណ្ដាល
-ឌិន ស៊ីដែន កីឡាករវាយប្រយុទ្ធ៕