Close

កំពង់ឆ្នាំង ស្នើសុំកាត់ឃុំចំនួន ៤ ចេញពីស្រុករលាប្អៀរយកមកធ្វើជាចំណុះក្រុងកំពង់ឆ្នាំ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កំពង់ឆ្នាំង ស្នើសុំកាត់ឃុំចំនួន ៤ ចេញពីស្រុករលាប្អៀរយកមកធ្វើជាចំណុះក្រុងកំពង់ឆ្នាំ កំពង់ឆ្នាំង ស្នើសុំកាត់ឃុំចំនួន ៤ ចេញពីស្រុករលាប្អៀរយកមកធ្វើជាចំណុះក្រុងកំពង់ឆ្នាំ

កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធ បានដាក់សំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកាត់ឃុំចំនួន៤ ចេញពីស្រុករលាប្អៀរ យកមកធ្វើជាចំណុះក្រុង ខណៈដែលសេដ្ឋកិច្ចរបស់ប្រជាពលដ្ឋ និងក្រុងមានការអភិវឌ្ឍរីកចំរើន ។

ក្នុងសន្និសីទសារ័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំ កន្លងមក» របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោ ស៊ុន សុវណ្ណរិទ្ធ បានថ្លែងថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ឆ្នាំ បានរៀបចំធ្វើគោលការណ៍ស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីកាត់ឃុំចំនួន ៤ ចេញពីស្រុករលាប្អៀរធ្វើជាចំណុះក្រុងកំពង់ឆ្នាំងវិញ ។

លោកពន្យល់ថា ការកាត់នេះ ដោយសារតែក្រុងកំពង់ឆ្នាំពីមុនមានតែ ៤សង្កាត់ ហើយ ៤សង្កាត់នេះ គឺមានរយៈពេល យូរឆ្នាំណាស់មកហើយ ខណៈបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅច្រើន ហើយសេដ្ឋកិច្ចក៏មានការរីកចំរើន យើងក៏ត្រូវកាត់ ៤ ឃុំទៀតមកធ្វើជាចំណុះ ។

លោកថ្លែងថា៖ «ដូច្នេះ ក្រុងនឹងឡើង៨ សង្កាត់ ហើយក្រោយការបោះឆ្នោត គោលការណ៍នេះ ប្រហែលនឹងចេញជារូបរាង្គហើយ ពីព្រោះយើងបានប្រជុំគ្នា គូសផែនទីរៀបចំស្នើសុំកាត់មកក្រុង »។

បច្ចុប្បន្ន ក្រុងកំពង់ឆ្នាំង មាន ៤សង្កាត់រួមមានសង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អេរ និង សង្កាត់ខ្យាម។
យ៉ាងណាឃុំចំនួន ៤ ដែលនឹងត្រូវកាត់ចេញពីស្រុករលាប្អៀរ យកមកធ្វើជាចំណុះសង្កាត់របស់ក្រុងកំពង់ឆ្នាំមិនទាន់ត្រូវបានបង្ហាញឈ្មោះនៅឡើយទេ ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងបង្ហាញថា សេដ្ឋកិច្ចរបស់ខេត្តមានការរីកចំរើនជាលំដាប់ ខណៈផលិតផលក្នុងស្រុកសរុបរបស់ខេត្តកំពង់ឆ្នាំ ក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចខេត្ត មានទំហំ ៧៨១ លានដុល្លា ដែលមានសមាមាត្រពីវិស័យកសិកម្មមានចំនួន ៥៦,៦%, វិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់មាន ២៤,៨% និងចំណូលពីវិស័យសេវាកម្មមាន ១៨,៦%។

ចំណូលប្រចាំឆ្នាំរបស់ ប្រជាពលរដ្ឋម្នាក់ៗចំនួន ១,៣៩៨.១ដុល្លាក្នុងមួយឆ្នាំ។ ឆ្នាំ២០២១ ទំហំសេដ្ឋកិច្ចរបស់ខេត្តមានចំនួន ៣,៧៤១,៦៦១ លានរៀល គិតជាដុល្លាប្រហែល ៩,១៨៥លានដុល្លារ ស្មើ ៣% នៃសេដ្ឋកិច្ចជាតិ។ វិស័យកសិកម្មមានអត្រា ចូលរួម ៥៦,៧% វិស័យឧស្សាហកម្មមានអត្រាចូលរួមចំនួន ២៨.៧% និងការចូលរួមពីវិស័យសេវាកម្មមាន ចំនួន ១៧,៦% ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២១ ចំនួន១,៥៦៣.៧ដុល្លាអាមេរិក។

ទោះបីសេដ្ឋកិច្ចខេត្តទាបជាងថ្នាក់ជាតិ តែខេត្តមានមោទនភាពចំពោះលទ្ធផលនៃការអភិវឌ្ឍ បានបង្ហាញ វឌ្ឍនភាពតាមសូចនាកររីកចំរើន និងឆ្លុះបញ្ចាំងតាមរយៈកម្រិតជីវភាពរស់នៅរបស់ប្រជាជនដាក់ស្ដែងតាមមូលដ្ឋានមានការកើនឡើង៕

អត្ថបទទាក់ទង