ប្រធានសហព័ន្ធអេស្ប៉ាញ គ្រោងនឹងប្រកាសលាលែងពីតំណែង ក្រោយថើបមាត់កីឡាការនី Jennifer Hermoso
ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales គ្រោងនឹងប្រកាសលាលែងពីតំណែង នៅយប់ថ្ងៃសុក្រ ទី២៥ ខែសីហានេះ ក្រោយរងការរិះគន់ចាស់ដៃពីសំណាក់អ្នកគាំទ្របាល់ទាត់ និងកីឡាការនីជុំវិញពិភពបាល់ទាត់ បន្ទាប់ពីលោកបានថើបមាត់កីឡាការិនីអេស្ប៉ាញ Jennifer Hermoso ដោយមិនមានការអនុញ្ញាត បន្ទាប់ពីក្រុមជម្រើសជាតិនារីអេស្ប៉ាញ ឈ្នះជើងឯក FIFA Women’s World Cup 2023។
មែនទែនទៅ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅក្នុងពិធីបំពាក់មេដាយដល់ម្ចាស់ជើងឯក FIFA Women’s World Cup ២០២៣ បន្ទាប់ពីក្រុមជម្រើសជាតិនារីអេស្ប៉ាញ បានយកឈ្នះ ក្រុមជម្រើសជាតិនារីអង់គ្លេស ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ភ្លាមនោះ ការិនី Jennifer Hermoso បានប្រាប់មិត្តរួមក្រុម បន្ទាប់ពីនោះនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ថា នាង “មិនចូលចិត្តនោះទេ” នេះបើយោងតាមខ្សែវីដេអូ ដែលបានបង្ហោះនៅលើ Instagram និង YouTube ដោយកាសែត El Mundo និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។
ទោះបីកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ បុរសវ័យ៤៥ឆ្នាំនេះ បានប្រកាស ទទួលស្គាល់កំហុសឆ្គង និងសូមទោសជាសារធារណៈក៏ដោយ ក៏នៅតែទទួលបានការមិនពេញចិត្តពីមហាជន ហើយគេចង់ឃើញប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញរូបនេះ លាលែងចេញពីតំណែង ចំពោះទង្វើមិនអាចទទួលយកបានមួយនេះ។ ក្រោយមក ក៏មានសេចក្តីរាយការណ៍ថា លោកគ្រោងនឹងលាលែងពីតំណែង នៅយប់ថ្ងៃសុក្រ ទី២៥នេះ នៅក្នុងកិច្ចប្រជុំបន្ទាន់នៃមហាសន្និបាតរបស់សហព័ន្ធអេស្ប៉ាញ៕