Close

ក្រសួងប្រៃសណីយ៍ប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបោកបញ្ឆោតតាមរយៈប្រព័ន្ធ Telegram

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ក្រសួងប្រៃសណីយ៍ប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបោកបញ្ឆោតតាមរយៈប្រព័ន្ធ Telegram ក្រសួងប្រៃសណីយ៍ប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបោកបញ្ឆោតតាមរយៈប្រព័ន្ធ Telegram

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបោកបញ្ឆោតតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) ខណៈការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម បាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ថា ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម បាន និងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារខាងក្រោមនេះ៖

“អ្នកប្រើប្រាស់ជាទីគោរព៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។ គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព…។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ តាមតំណ៖https://telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី 24 ម៉ោង។”

ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់បោកបញ្ឆោតនោះ ចោរព័ត៌មានវិទ្យានឹងអាចចូលទៅគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់បាន។

ដូចនេះ ដើម្បីបង្ការការលួចគណនីតេឡេក្រាម អ្នកប្រើប្រាស់មិនត្រូវចុចទៅលើតំណភ្ជាប់ ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំណាមួយតាមរយៈសារបោកបញ្ឆោតដែលទទួលបាននោះទេ។ ប្រសិនបើអ្នកប្រើប្រាស់បានចុចឬបំពេញព័ត៌មានតាមរយៈសារបោកបញ្ឆោត សូមមានចំណាត់ការជាបន្ទាន់ ដោយស្វែងយល់ពីរបៀបបិទ (Terminate) តាមរយៈវីដេអូអប់រំ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានតំណភ្ជាប់ https://fb.watch/myBq2vQ2PS/ ឬស្កេន QR Code ខាងក្រោម។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែម តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕

អត្ថបទទាក់ទង