Close

ក្រសួងបរិស្ថានជំរុញឱ្យមានការដឹកនាំប្រកបដោយសមភាពយេនឌ័រ ក្នុងវិស័យគ្រប់គ្រងធម្មជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងបរិស្ថានជំរុញឱ្យមានការដឹកនាំប្រកបដោយសមភាពយេនឌ័រ ក្នុងវិស័យគ្រប់គ្រងធម្មជាតិ ក្រសួងបរិស្ថានជំរុញឱ្យមានការដឹកនាំប្រកបដោយសមភាពយេនឌ័រ ក្នុងវិស័យគ្រប់គ្រងធម្មជាតិ

ក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី ១៧ ដល់ ១៨ ខែសីហានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «ឯកសារបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ»។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបយេនឌ័រនៅក្នុងវិស័យគ្រប់គ្រងធម្មជាតិឱ្យកាន់តែទូលាយ។

សិក្ខាសាលានេះផងដែរ ប្រព្រឹត្តិទៅក្រោមការដឹកនាំដោយ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ និងកុមារនៃក្រសួងបរិស្ថាន លោកស្រីប្រធានអង្គការរីខូហ្វប្រចាំនៅកម្ពុជា ព្រមទាំងសមាសភាពក្រុមការងារបច្ចេកទេសយេនឌ័រ និងកុមារ ក៏ដូចជាជនបង្គោលយេនឌ័រតាមបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងផ្សេងទៀត។

យ៉ាងណាមិញ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺ៖ ដើម្បីឆ្លុះបញ្ចាំង និងផ្សព្វផ្សាយបន្ថែមពីគោលគំនិតយេនឌ័រ ភាពជាអ្នកដឹកនាំប្រកបដោយបរិយាប័ន្ន និងការប្រើប្រាស់អំណាច។ ម្យ៉ាងទៀតក៏ដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពគ្រូបង្គោល និងអ្នកពាក់ព័ន្ធពីរបៀបនៃការប្រើប្រាស់ឯកសារបណ្តុះបណ្តាល វិធីសាស្ត្រដែលបានប្រើប្រាស់ និងខ្លឹមសារនៃមេរៀននីមួយៗ។

គួរបញ្ជាក់ថា ឯកសារបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំចងក្រងក្រោមកិច្ចសហការរវាងក្រុមការងារបច្ចេកទេសយេនឌ័រ-កុមារ និងក្រុមការងារអង្គការរីខូហ្វ ដើម្បីប្រើប្រាស់ជាសំភារឧបទេស សម្រាប់ការបណ្តុះបណ្តាល។

សិក្ខាសាលាផ្សព្វផ្សាយនេះដែរ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគាំទ្រពីមូលនិធិផាកាដ តាមរយៈការអនុវត្តគម្រោង «ភ្ជាប់បណ្តាញសហគមន៍តំបន់ការពារធម្មជាតិ សម្រាប់ការលើកកម្ពស់ជីវភាពសហគមន៍ និងការអភិរក្សធនធានធម្មជាតិ»៕

អត្ថបទទាក់ទង