អ្នកចាំទីក្រុមកាំភ្លើងធំ Arsenal ចេញមុខប្រឆាំងនឹងការរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នា
(បាល់ទាត់)៖ អ្នកចាំទី Aaron Ramsdale របស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា ខ្លួននឹងមិននៅស្ងៀមទៀតទេ នៅពេលដែលឮការអត្ថាធិប្បាយមនុស្សភេទដូចគ្នា នៅក្នុងបន្ទប់ស្លៀកពាក់ ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបន្ថែមថា គាត់ចង់ឱ្យបាល់ទាត់ជា “កន្លែងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា”។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅក្នុង The Players Tribune កាលពីថ្ងៃព្រហស្បតិ៍ Ramsdale បាននិយាយថា ការប្តេជ្ញាចិត្តរបស់គាត់ត្រូវបានជំរុញ ដើម្បីធានាថា បងប្រុសរបស់គាត់ដែលជាខ្ទើយអាចចូលរួមទស្សនាការប្រកួតដោយមិនភ័យខ្លាច ប្រឈមនឹងការរំលោភបំពាន ឬការរើសអើង។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានសរសេរថា ៖ « បាល់ទាត់គឺសម្រាប់មនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកមិនយល់ស្រប អ្នកត្រូវបិទមាត់។ ខ្ញុំចង់ឱ្យការប្រកួត ក្លាយជាកន្លែងសុវត្ថិភាព និងស្វាគមន៍សម្រាប់អ្នករាល់គ្នា។ ខ្ញុំចង់ឱ្យបងប្រុសរបស់ខ្ញុំ Ollie ឬនរណាម្នាក់ ដែលមានភេទ ពូជសាសន៍ ឬសាសនាណាមួយ មកទស្សនាការប្រកួតដោយមិនចាំបាច់ខ្លាចការរំលោភបំពាន»។
ទន្ទឹមនឹងនេះ សមាគមបាល់ទាត់របស់ប្រទេសអង់គ្លេស បានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុ ដែលត្រូវបានចោទប្រកាន់ជាច្រើននៃការស្រែកជេរប្រមាថមនុស្សភេទដូចគ្នា កាលពីរដូវកាលមុន។ ថ្មីៗនេះ Wolverhampton Wanderers ត្រូវបានពិន័យជាប្រាក់ចំនួន ១00,000 ផោន សម្រាប់ការស្រែកជេរប្រមាថដោយអ្នកគាំទ្ររបស់ពួកគេ អំឡុងពេលការប្រកួត Premier League ជាមួយ Chelsea ។
គួរបញ្ជាក់ថា Ramsdale ដែលជាកីឡាករជម្រើសជាតិអង់គ្លេស បានលេងការប្រកួត Premier League ទាំង ៣៨ ប្រកួតឱ្យ Arsenal កាលពីរដូវកាលមុន ហើយបានជួយឱ្យពួកគេ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុម Manchester City៕