ខាន់ ចេសា ត្រៀមឡើងដណ្តើមខ្សែក្រវាត់នៅសង្វៀន One Championship ចុងខែនេះ
វីរកីឡាការិនីកម្ពុជា ខាន់ ចេសា នឹងត្រូវឡើងសង្វៀន One Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងប្រទេសសិង្ហបុរី។
ដៃគូរបស់ ខាន់ ចេសា គឺជាជើងខ្លាំងមួយរូប និងជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ jiu-jitsu ប្រេស៊ីល ធ្លាប់ប្រកួត ២៩ដង ឈ្នះ ១៩ ចាញ់ ៩ និងស្មើ ១។ នាងធ្លាប់ប្រកួតឈ្នះជើងខ្លាំងជាច្រើនដូចជា Roxanne Modafferi, Cynthia Calvillo និងអតីតជើងឯក UFC Women’s Strawweight Champion កីឡាការិនី Carla Esparza ផងដែរ។
នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ វាត្រូវបានប្រកាសថា Kelly បានចុះហត្ថលេខាជាមួយ ONE Championship ដើម្បីប្រកួតប្រជែងក្នុងសង្វៀនមួយនេះ។ Kelly បានបង្ហាញខ្លួនជាលើកដំបូងជាមួយកីឡាករជើងចាស់ជប៉ុន Mei Yamaguchi ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ Atomweight នៅ ONE:X ក្នុងកម្មវិធី នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ និងទទួលបានជ័យជំនះ។ ជ័យលាភីនេះ បានធ្វើឱ្យនាងទទួលបានពានរង្វាន់ Performance of the Night។
ត្រលប់មកកាន់កីឡាការិនី ខាន់ ចេសា វិញ មុនឡើងសង្វៀន One Championship នេះ នាងទើបតែឈ្នះមេដាយមាសជើងឯកពិភពលោក IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនីប្រេស៊ីល Thamires Aquino នៅវគ្គផ្តាច់ព្រ័ត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ IBJJF World Champion 2023 គឺជាការប្រកួតកម្រិតពិភពលោក Light Feather Weight Black Belt World Champion ដែលរៀបចំដោយ International Brazilian Jiu-Jitsu Federation (IBJFF) ធ្វើឡើងនៅលើទឹកដីសហរដ្ឋអាមេរិក។
កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) ធ្លាប់ឈ្នះមេដាយ និងពានរង្វាន់ស្ទើររាប់ភ្លេច ទាំងការប្រកួតតំបន់ អាមេរិក អឺរ៉ុប និងពិភពលោក។ នាងគឺជាម្ចាស់មេដាយមាសនៅស៊ីហ្គេម ២០១៨ ប្រទេសឥណ្ឌូនេស៊ី និងស៊ីហ្គេម២០១៩ ប្រទេសហ្វីលីពីន ផងដែរ។ អ្វីដែលធ្វើឲ្យប្រជាជនកម្ពុជាចាំមិនភ្លេចទៀតនោះ ក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ខាន់ ចេសា បានឈ្នះមេដាយមាសលើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន ឱ្យបោះបង់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ៕