ធឿន ធារ៉ា និង ព្រំ សំណាង ដណ្ដើមបានខ្សែក្រវាត់ទី៤ ដូចគ្នា ក្នុងថ្ងៃតែមួយលើ សង្វៀនតែមួយ
អ្នកលេងគុនខ្មែរ ព្រំ សំណាង និងអ្នកលេងពូថៅដៃ ធឿន ធារ៉ា បានគ្រងខ្សែក្រវាត់ទី៤ដូចគ្នា បន្ទាប់ពីប្រកួតឈ្នះគូប្រកួតពីព្រឹត្តិការណ៍ប្រកួតជើងឯកគុនខ្មែរពិភពលោក«តេជោ សន្តិភាព»កាលពីយប់ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសង្វៀនថោន ។
ក្នុងការប្រកួតយប់មិញនេះ អ្នកលេងគុនខ្មែរ រហស្សនាមជាងកាត់សក់ ព្រំ សំណាង បានប្រកួតឈ្នះកីឡាករបេឡារុស្ស Nikita Gerasimvich ដោយពិន្ទុ បន្ទាប់ពីបានតស៊ូគ្នា៣ទឹកពេញដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោកតេជោសន្តិភាព។ តាមរយៈជ័យជម្នះនេះ រូបគេទទួលបានខ្សែក្រវាត់ និងប្រាក់ឧបតឧបត្ថម្ភចំនួន២០លានរៀលផងដែរ។ ខណៈនេះ ជាខ្សែក្រវាត់ទី៤ហើយ សម្រាប់ ព្រំ សំណាង ដែលរួមមាន៖ ខ្សែក្រវាត់ KIF, ខ្សែក្រវាត់ Thai Fight, Krud គុនខ្មែរ និងខ្សែក្រវាត់ តេជោសន្តិភាព។
ចំណែកអ្នកលេងពូថៅដៃ ធឿន ធារ៉ា បានផ្តួលកីឡាករ អេឡិច ប៊ូប៊ែល ដោយអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១ បន្ទាប់ពីរាប់លើកទី៣បញ្ឈប់ការប្រកួតតែម្តង។
សម្រាប់ជ័យជម្នះនេះ ធឿន ធារ៉ា ទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព មួយគ្រឿងបន្ថែមទៀត អមដោយប្រាក់រង្វាន់២០លានរៀល។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ធឿន ធារ៉ា កំពុងគ្រប់គ្រងខ្សែក្រវាត់អន្តរជាតិ៤គ្រឿងហើយរួមមាន៖ ខ្សែក្រវាត់គុនខ្មែរអន្តរជាតិតេជោសន្តិភាព, ខ្សែក្រវាត់គ្រុឌគុនខ្មែរ, ខ្សែក្រវាត់ IPCC និងខ្សែក្រវាត់ Thai Fight៕