Close

បច្ចេកទេសដាំដុះដោយកែច្នៃសំបកកានសម្រាប់ការដាំដំណាំលក្ខណៈគ្រួសារ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ សង្គម
បច្ចេកទេសដាំដុះដោយកែច្នៃសំបកកានសម្រាប់ការដាំដំណាំលក្ខណៈគ្រួសារ បច្ចេកទេសដាំដុះដោយកែច្នៃសំបកកានសម្រាប់ការដាំដំណាំលក្ខណៈគ្រួសារ

ស្របទៅនឹងកំណើនប្រជាជន ក៏ដូចជាការអភិវឌ្ឍរបស់ទីក្រុង ផ្ទៃដីដាំដុះក៏កាន់តែរួមតូច ដូច្នេះ​ហើយវាទាមទារឱ្យកសិករចេះរកគំនិតច្នៃប្រឌិតថ្មីៗ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ន
កសិករកាន់តែងាយស្រួលក្នុងការទទួលបានព័ត៌មានថ្មីៗអំពីការដាំដុះទូទាំងពិភពលោក។

បច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសថ្មីៗជាច្រើនគឺបច្ចេកទេសដាំដុះដោយប្រើប្រាស់សំបក កានចាស់ៗ ជាវិធីងាយស្រួលមួយ ដែលកសិករអាចសាកល្បងដាំដុះបាន។ បច្ចេកទេសនេះដែរ ត្រូវបានចែករំលែកដោយកសិករ នី ប៊ុនថា ដែលជាអ្នកបង្កើតមាតិកាដាំដុះតាមបណ្ដាញសង្គម ហ្វេសប៊ុក ដែលមានឈ្មោះថា «រៀនដាំ»។

បើតាមការរៀបរាប់របស់កសិកររូបនេះ សម្រាប់ដំណាំដែលអាចដាំបានតាមបច្ចេកទេសខាងលើ​គឺប្រភេទដំណាំតូចៗ និងដំណាំស្លឹកដូចជា ស្ពៃ សាឡាត់ ម្ទេស ស្លឹកខ្លឹម ត្រប់ជាដើម ពោលគឺដំណាំដែលឆាប់បានប្រមូលផល និងមិនពិបាកដាំដុះ ពេក។

ក្នុងការដាំដុះតាមរបៀបនេះបាន កសិករគ្រាន់តែមានសំបកកានចាស់ៗ ល្បាយដីដែលមានជីវជាតិ ឬកំទេចស្រកីដូង និងជីទឹកធម្មជាតិ។ សំបកកានទាំងនោះផងដែរ ត្រូវលាងទឹកឱ្យស្អាត និងហាល ឱ្យស្ងួត និយាយរួមគឺកុំឱ្យផ្ទៃកាននៅមានជាតិប្រេង ឬសារធាតុដែលធ្លាប់ដាក់ពីមុនមក។

សំបកកានដែលត្រូវបានលាងសម្អាតរួចហើយនោះ  ត្រូវរក្សាទុកមួយចំហៀងឱ្យនៅស្អាត ហើយចុះ រន្ធនៅផ្ទៃម្ខាងទៀត។​ ទំហំនៃការចុះរន្ធផងដែរ កសិករអាចចុះទៅតាមទំហំផើងដំណាំជាក់ស្ដែង ប៉ុន្តែដើម្បីឱ្យចំណេញ កសិករគួរប្រើប្រាស់ផើងតូចៗ ដែលអាចចុះបាន៤រន្ធក្នុងសំបកកានមួយ។

បន្ទាប់ពីចុះរួចហើយ កសិករត្រូវចាក់ទឹកចូលក្នុងសំបកកានផ្ដេកនោះ ដោយរក្សាទឹកត្រឹមបាតនៃ កូនផើងដំណាំ។ ក្នុងដំណាក់កាលនេះដែរ កសិករអាចប្រើប្រាស់ជីទឹកដើម្បីលាយចូលជាមួយទឹក​ដែលនៅក្នុងកានស្រាប់ ក្នុងបរិមាណ ៣ ទៅ ៤គម្របជាការស្រេច។

រីឯដំណាំវិញ ត្រូវតែជាដំណាំដែលបានផ្សុំា ឬដាំដុះដល់អាយុកាលធំល្មម ទើបអាចយកទៅដាំតាម បច្ចេកទេសនេះបាន។ ក្នុងការដាក់ដំណាំចូលផើងវិញ ត្រូវទាញឬសនៃដំណាំចេញក្រៅ ពោលគឺ ធ្វើយ៉ាងណាឱ្យឬសប៉ះជាមួយល្បាយទឹកដែលបានលាយរួចរាល់។

ដើម្បីឱ្យដំណាំលូតលាស់ល្អ ក្នុងមួយសប្ដាហ៍ដំបូងកសិករគួរស្រោចទឹកដំណាំបន្តិចបន្តួច ជាពិសេស​ត្រូវតាមដានទឹកនៅក្នុងកានជាប្រចាំ ជៀសវាងការរីងស្ងួតផុតពីឬស ដែលអាចធ្វើឱ្យងាប់ដំណាំ​ជាដើម។

ជារួម ការដាំតាមរបៀបនេះ កសិករអាចចំណេញច្រើន ដោយហេតុថាមិនត្រូវការផ្ទៃដីធំទូលាយ មិនទាមទារឱ្យចាំថែទាំជាប្រចាំឡើយ។ ជាពិសេសសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុង មានតែសំបកកាន ឬកេះស្នោរចាស់ៗក៏អាចមានបន្លែសម្រាប់ហូបដោយខ្លួនឯងដែរ៕

អត្ថបទទាក់ទង