អ្នកម៉ៅការ LED សម្រាប់ 33rd SEA Games នៅថៃ លុបចោលកិច្ចសន្យា ក្រោយគ្មានការទូទាត់ប្រាក់កក់
ខេត្តឈុនបុរី ៖ ភាពចម្រូងចម្រាសផ្នែកហិរញ្ញវត្ថុក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣៣ (33rd SEA Games i) របស់ប្រទេសថៃ បានឈានដល់ចំណុចកំពូល នៅពេលដែលក្រុមហ៊ុនផ្គត់ផ្គង់ និងតម្លើងអេក្រង់ LED សម្រាប់តំបន់ប្រកួតក្នុងខេត្តឈុនបុរី បានសម្រេចចិត្តលុបចោលកិច្ចសន្យាការងាររបស់ខ្លួននៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីមិនទទួលបានការទូទាត់ប្រាក់កក់តាមការកំណត់។
បើតាមការចុះផ្សាយរបស់កាសែត Khaosod ចុះផ្សាយថា បញ្ហានេះ បានបន្ថែមការដាក់សម្ពាធកាន់តែខ្លាំងទៅលើអាជ្ញាធរកីឡាថៃ (SAT) ដែលកំពុងរងការរិះគន់យ៉ាងចាស់ដៃពីការយឺតយ៉ាវនៃការចំណាយ និងការគ្រប់គ្រងមិនច្បាស់លាស់។
ទាក់ទិននឹងបញ្ហានេះ គណនី Facebook មួយឈ្មោះ Love Led ដែលត្រូវបានគេដឹងថា ជាម្ចាស់ក្រុមហ៊ុនម៉ៅការ LED បានបង្ហោះសារព្រមាននៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ៤ ខែធ្នូ ថា៖«ចំពោះរាល់ការងារស៊ីហ្គេម ប្រសិនបើប្រាក់កក់មិនបានទូទាត់នៅត្រឹមម៉ោង ១៦:០០ ល្ងាចថ្ងៃនេះ ទេ អ្វីៗទាំងអស់នឹងត្រូវចាត់ទុកជាមោឃៈ។ នេះគ្រាន់តែជាការជូនដំណឹងប៉ុណ្ណោះ»។

ក្រោយមក លោក Love Led បានចែករំលែកវីដេអូពន្យល់អំពីភាពរអាក់រអួលនេះ។ លោកបានបញ្ជាក់ថា កិច្ចសន្យាការងារនេះជា កិច្ចព្រមព្រៀងផ្ទាល់មាត់ ហើយប្រាក់កក់ត្រូវបានសន្យាថានឹងទូទាត់ចាប់ពីថ្ងៃចន្ទ ទី ១ ខែធ្នូ ឆ្នាំ ២០២៥។
លោកបានថ្លែងបន្តថា៖”ដោយសារតែការបន្តពន្យារពេលម្តងហើយម្តងទៀត យើងក៏ចាប់ផ្តើមមានភាពមិនប្រាកដប្រជា។ ដូច្នេះ យើងបានព្រមព្រៀងគ្នាថា ថ្ងៃនេះ (៤ ធ្នូ) ប្រាក់កក់ត្រូវតែមកដល់។ ការងារស៊ីហ្គេមមានទំហំធំណាស់ ប៉ុន្តែដំណើរការជួល និងការទូទាត់គឺមិនច្បាស់លាស់ទាល់តែសោះ”។
ជាមួយគ្នានេះ លោក Love Led បានបង្ហាញកង្វល់ថា ការយឺតយ៉ាវនេះមិនមែនគ្រាន់តែប៉ះពាល់ដល់ក្រុមហ៊ុនលោកផ្ទាល់ប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់ក្រុមការងារ និងក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងៗដែលត្រូវពឹងផ្អែកលើការទូទាត់នេះផងដែរ។
ក្រោយពីប្រាក់កក់មិនបានចូលតាមម៉ោង ៤ ល្ងាច (១៦:០០) ក្រុមហ៊ុន Love Led បានប្រកាសថាពួកគេនឹងលុបចោលការងារស៊ីហ្គេម ហើយងាកទៅទទួលការងារផ្សេងវិញ។ លោកបានអះអាងយ៉ាងច្បាស់ថា ការងាររបស់លោកគឺសម្រាប់តែតំបន់ប្រកួតក្នុង ខេត្តឈុនបុរី តែប៉ុណ្ណោះ ហើយមិនមែនពាក់ព័ន្ធនឹងកីឡដ្ឋានរាជមង្គល ឬកន្លែងផ្សេងទៀតឡើយ ដើម្បីចៀសវាងការភាន់ច្រឡំ។
ហេតុការណ៍នេះបានបន្ថែមទម្ងន់ទៅលើការរិះគន់ពីភាពខ្សោយនៃការគ្រប់គ្រងថវិការបស់ម្ចាស់ផ្ទះថៃ ខណៈដែលប្រទេសចូលរួមកំពុងរង់ចាំការធានាពីគុណភាពនិងស្តង់ដារនៃព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ៕
