ផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាពការងារ នឹងជំរុញបន្ថែមលើការកសាងអនាគតកម្មករជំនាញជំនាន់ក្រោយ
ផែនការមេលើកទី៣ ដែលស្ដីអំពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ ២០២៣-២០២៧ គឺជាផែនការដែលចេញដោយក្រសួងការងារ និងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១១ កក្កដាកន្លងទៅ។
ផែនការនេះដែរ នឹងគ្របដណ្ដប់លើវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូប ផលិតផលធ្វើដំណើរដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម និងសំណង់ជាដើម។
លោក ទេព សុភ័ណ្ឌ នាយកគ្រប់គ្រងទូទៅនៃសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានបង្ហាញក្ដីរំពឹងថា ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នឹងក្លាយជាយន្តការនៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានាក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារជូនកម្មករនិយោជិត។
សម្រាប់លោក ទុន សោភ័ណ ដែលជាមន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំកម្ពុជាឯណោះវិញបានវាយតម្លៃឃើញថា ការអនុវត្តបានល្អប្រសើរនូវសុវត្ថិភាព និងសុខភាពការងារកាលពីពេលកន្លងទៅគឺបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការនាំឱ្យបង្កើនផលិតភាពការងារក្នុងរោងចក្រសហគ្រាស។
លោកថា បញ្ហាសុវត្ថិភាព និងសុខភាពការងារនេះ គឺអង្គការ ILO មានការយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមានការចែងបទប្បញ្ញត្តិជាបន្តបន្ទាប់ និងតម្រូវឱ្យរដ្ឋជាសមាជិកចូលរួមអនុវត្តឱ្យបាន។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន៦ និងផែនការសកម្មភាពលម្អិតជា មួយនឹងយន្តការ ត្រួតពិនិត្យ និងវាយតម្លៃដែលជាក់លាក់អាចវាស់វែងបានអាចអនុវត្តបានប្រាកដនិយម និងតាមពេលកំណត់ (SMART) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្នុងផ្នែកសុវត្ថិភាព និងសុខភាព ការងារ ដែលជាប្រយោជន៍ដល់និយោជក និងកម្មករនិយោជិតគ្រប់វិស័យទាំងអស់ ដោយមិនផ្អែក ទៅតាមវិស័យសេដ្ឋកិច្ចទំហំនៃសហគ្រាស គ្រឹះស្ថាន ឬកន្លែងធ្វើការបែបណានោះទេ។
ដើម្បីឱ្យផែនការមេលើកទី៣អនុវត្តប្រកបដោយជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបន្តសហការគ្នា ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ ការងារ នៅកន្លែងធ្វើការដូចជា បង្កើនប្រសិទ្ធភាពការងារតាមរយៈការចុះធ្វើអធិការកិច្ចការងារ ការអនុញ្ញាតឱ្យ បើកដំណើការត្រួតពិនិត្យសុខភាពដល់កម្មករ កម្មការិនី ការគ្រប់គ្រងសុវត្ថិភាពអគ្គិភ័យ និងការបង្កើនការយល់ដឹងពីព័ត៌មានសុខភាពជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំថា ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ២០២៣-២០២៧នេះ នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយកាន់តែងាយស្រួលសម្រាប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការប្រើប្រាស់ផែនការសកម្មភាពលម្អិតរបស់ខ្លួនសម្រាប់ការលើកកម្ពស់ និងកែលម្អការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវកន្លែងធ្វើការ ដែលមានបរិយាកាសការងារល្អ រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ ដែលអាចជួយជំរុញផលិតភាព និងកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការនាពេលអនាគត៕