Close

CMAC គាំទ្រយ៉ាងពេញទំហឹង ចំពោះសារអំពាវនាវរបស់សម្តេចតេជោ សុំឱ្យប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើគ្រាប់បែកចង្កោម, កម្ពុជាធ្លាប់រងការទម្លាក់ប្រមាណ ៣០លានកូនគ្រាប់បែកចង្កោម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
CMAC គាំទ្រយ៉ាងពេញទំហឹង ចំពោះសារអំពាវនាវរបស់សម្តេចតេជោ សុំឱ្យប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើគ្រាប់បែកចង្កោម, កម្ពុជាធ្លាប់រងការទម្លាក់ប្រមាណ ៣០លានកូនគ្រាប់បែកចង្កោម CMAC គាំទ្រយ៉ាងពេញទំហឹង ចំពោះសារអំពាវនាវរបស់សម្តេចតេជោ សុំឱ្យប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើគ្រាប់បែកចង្កោម, កម្ពុជាធ្លាប់រងការទម្លាក់ប្រមាណ ៣០លានកូនគ្រាប់បែកចង្កោម

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលជាអង្គភាពទទួលបន្ទុកបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដ៏មានល្បីឈ្មោះមួយរបស់កម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំណូមពរប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាង រុស្ស៉ី-អ៊ុយក្រែន។

លោកលើកឡើងថា គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង៥០ឆ្នាំហើយក៏ដោយ ក៏គ្រាប់បែកចង្កោមទាំងនោះ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ។

ក្តីឈឺចាប់ និងផលលំបាកនៃសង្គ្រាម ជាពិសេសដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា និងបណ្តាប្រទេសរងគ្រោះមួយចំនួន ក៏ជាចំណែកមួយនៃចលនាបង្កើតអនុសញ្ញាអន្តរជាតិអូស្លូ ស្តីពី «ការហាមប្រាមការប្រើប្រាស់ ការផលិត ការស្តុកទុក និងការដឹកជញ្ជូនគ្រាប់បែកចង្កោម» ដែលបានចូលជាធរមានជាច្បាប់អន្តរជាតិ នៅឆ្នាំ២០០៨ មាន១២៣ ប្រទេស ក្នុងនោះមានរដ្ឋភាគីចំនួន១១១ និងរដ្ឋហត្ថលេខីចំនួន១២។

លោកសង្កត់ធ្ងន់ថា ចូរចងចាំថានៅទសវត្សរ៍ ៦០ និង៧០ កម្ពុជារងការទម្លាក់ប្រមាណ ៣០លានកូនគ្រាប់បែកចង្កោម លើគោលដៅ (ទីតាំងទម្លាក់) រាប់ម៉ឺនគោលដៅ ក្នុងក្របខណ្ឌទូទាំងប្រទេស។ តាមការសិក្សាវាយតម្លៃឃើញថា គ្រាប់បែកចង្កោមដែលបានប្រើក្នុងសង្គ្រាមឥណ្ឌូចិន មានកំរិតអត្រាមិនផ្ទុះ ក្នុងការប្រើប្រាស់ក្នុងសង្គ្រាមមានចំនួនប្រមាណ២៥ ទៅ៣០% ដែលបរិមាណនេះបន្តបង្កគ្រោះថ្នាក់រយៈពេលយូរអង្វែង។

លោកបន្ថែមថា «ផ្អែកលើភាពជាក់ស្តែងនេះ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការអំពាវនាវរបស់សម្តេចតេជោ ចំពោះប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកផ្តល់គ្រាប់បែកចង្កោម និងអ្នកទទួលយកគ្រាប់បែកចង្កោមទៅប្រើប្រាស់ សូមបញ្ឈប់មហិច្ឆតាប្រើប្រាស់គ្រាប់បែកចង្កោមនេះ ក្នុងសមរភូមិប្រយុទ្ធ ព្រោះថាវិនាសកម្មពិតប្រាកដ គឺប្រជាជនស៉ីវិលស្លូតត្រង់ ដែលត្រូវរងទុក្ខវេទនាយូរអង្វែងក្រោយសង្គ្រាមបានបញ្ចប់។ ទង្វើនេះក៏ពាក់ពន្ធ័ដោយផ្ទាល់ដល់ការគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សផងដែរ»។

លោកបន្ថែមថា តាមព័ត៌មាននានាថ្នាក់ដឹកនាំប្រទេសអង់គ្លេស កាណាដា អាឡឺម៉ង់ អេស្បាញ អូរទ្រីសជាដើម និងអង្គការសង្គមស៉ីវិលយ៉ាងច្រើនបានប្រឆាំងនឹងការសំរេចចិត្តផ្តល់និងការប្រើប្រាស់ «គ្រាប់បែកចង្កោម» ក្នុងសង្គ្រាម រុស្ស៉ី-អ៊ុយក្រែន។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសសូមអំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម ព្រោះវាជារឿងគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀត។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានការផ្សាយព័ត៌មានថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោម ឲ្យទៅប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។

សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃមកនេះ មានការផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់ គ្រាប់បែកចង្កោមឲ្យទៅ អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។ ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយ ទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយ ឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ី កាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយ នៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។ ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូច ហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តី អាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែនដែល ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនពិសេស គឺអ៊ុយក្រែនតែម្តង»៕

អត្ថបទទាក់ទង