ឃាត់យានយន្ត ៩គ្រឿង ក្រោមឥទិ្ធពលជាតិស្រវឹង រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ
ភ្នំពេញ ៖ ដើម្បីចូលរួមអនុវត្តការងារចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ កម្លាំងនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់គោលដៅអនុវត្តចំពោះអ្នកបើកបរយានយន្តក្រោមឥទិ្ធពលជាតិស្រវឹង។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់អនុវត្តត្រួតពិនិត្យទៅលើអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹងនៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅលើបណ្តោយផ្លូវ២១៧ មុខសាលាប្រាយឡាញ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានកម្លាំងចូលរួមសរុប៥១នាក់ ក្នុងនោះកម្លាំងនគរបាលការិយាល័យចរាចរណ៍ចំនួន ២៨នាក់ និងកម្លាំងនគរបាលខណ្ឌដង្កោចំនួន ២៣នាក់
ក្រោមការដឹកនាំលោកឧត្តមសេនីយ៍ទោ សៀម សុត្ថាវុធ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ អែល សំណាង នាយរងការិយាល័យចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ទោ ឃឹម សារិទ្ធ អធិការរងខណ្ឌដង្កោ។
របាយការណ៍ដដែលបន្តថា ៖ លទ្ធផលមានយានយន្តឆ្លងកាត់ចំនួន ៥២គ្រឿង និងឃាត់យានយន្តល្មើសជាតិស្រវឹងចំនួន ១០គ្រឿង (រថយន្ត០៥គ្រឿង, ម៉ូតូ០៥គ្រឿង) កម្រិតចាប់ពី0.25ដល់0.39mg/L សរុប០២គ្រឿង (អ្នកបើកបរម៉ូតូ០១នាក់, អ្នកបើកបររថយន្ត០១នាក់) កម្រិត0.40mg/L ឡើងសរុប០៨គ្រឿង (អ្នកបើកបរម៉ូតូ០៤នាក់, រថយន្ត០៤នាក់) ដោយឡែកយានយន្តចំនួន ០៩គ្រឿង ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ (រថយន្ត០៤គ្រឿង និងម៉ូតូ០៥គ្រឿង) ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនបង់ផាកពិន័យតាមច្បាប់៕