Close

ទីបំផុត! អ៊ីរ៉ង់ អនុញ្ញាតឲ្យស្ត្រីអាចចូលមើលការប្រកួតបាល់ទាត់លីកកំពូលរបស់ខ្លួនហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ទីបំផុត! អ៊ីរ៉ង់ អនុញ្ញាតឲ្យស្ត្រីអាចចូលមើលការប្រកួតបាល់ទាត់លីកកំពូលរបស់ខ្លួនហើយ ទីបំផុត! អ៊ីរ៉ង់ អនុញ្ញាតឲ្យស្ត្រីអាចចូលមើលការប្រកួតបាល់ទាត់លីកកំពូលរបស់ខ្លួនហើយ

មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា ស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានហាមឃាត់ជាយូរមកហើយពីការចូលរួមទស្សនាក្នុងការប្រកួតបាល់ទាត់នៅទូទាំងប្រទេស លើកលែងតែឱកាសដ៏កម្រនោះ នឹងត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋានក្នុងរដូវកាលខាងមុខនេះ។

លោក Mehdi Taj ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអ៊ីរ៉ង់បាននិយាយថា ៖«នៅឆ្នាំនេះ លក្ខណៈពិសេសដ៏លេចធ្លោមួយនៃលីគកំពូលរបស់យើងនេះ… គឺថាយើងនឹងឃើញការចូលទស្សនាផ្ទាល់របស់ស្រ្តីទៅក្នុងកីឡដ្ឋាន»។

ជាការពិតណាស់ អ៊ីរ៉ង់ បានរារាំងទស្សនិកជនជាស្ត្រីយ៉ាងច្រើនពីកីឡាបាល់ទាត់ និងកីឡាផ្សេងទៀត ចាប់តាំងពីបដិវត្តន៍អ៊ីស្លាម ឆ្នាំ១៩៧៩ ទោះបីជាមិនមានច្បាប់ហាមឃាត់ការចូលរួមរបស់ពួកគេក៏ដោយ។

បព្វជិត ដែលដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តក្នុងប្រទេសអ៊ីរ៉ង់បានប្រកែកថា ស្ត្រីត្រូវតែត្រូវបានការពារពីបរិយាកាសនៃភាពជាបុរស និងការមើលឃើញរបស់អត្តពលិកបុរសពាក់អាវពាក់កណ្តាល។

កាលពីប៉ុន្មានឆ្នាំមុន ស្ត្រីជនជាតិអ៊ីរ៉ង់ត្រូវបានអនុញ្ញាតជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីចូលរួមទស្សនាការប្រកួតជើងឯកបាល់ទាត់ថ្នាក់ជាតិ នៅពេលដែលក្លឹប Tehran Esteghlal បានយកឈ្នះ Mes Kerman ។ ក្នុងករណីដ៏កម្រមួយផ្សេងទៀត ក្នុងខែតុលា ឆ្នាំ២០១៩ ស្ត្រីប្រហែល ៤,000 នាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមទស្សនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ របស់អ៊ីរ៉ង់ ទល់នឹងកម្ពុជានៅកីឡដ្ឋាន Azadi ទីក្រុង Tehran ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងការអនុញ្ញាតឱ្យស្ត្រីចូលទស្សនាការប្រកួត បន្ទាប់ពីការស្លាប់របស់អ្នកគាំទ្របាល់ទាត់ម្នាក់ឈ្មោះ Sahar Khodayari កាលពីឆ្នាំ២០១៩ ដោយបានដុតខ្លួនឯង ដោយសារខ្លាចជាប់គុក បន្ទាប់ពីក្លែងខ្លួនជាបុរសព្យាយាមចូលទស្សនាការប្រកួតបាល់ទាត់នៅក្នុងកីឡដ្ឋាន៕

អត្ថបទទាក់ទង