សត្វឈ្លូសយក្សជាច្រើនក្បាលបានបង្ហាញវត្តមាននៅឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា
ភ្នំពេញ ៖ អង្គការសត្វព្រៃ និងរុក្ខជាតិដែលសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថា បានឱ្យដឹងថា សត្វឈ្លូសយក្សជាច្រើនក្បាលបានបង្ហាញវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា។
ក្រសួងបរិស្ថានបានឱ្យដឹងថា អង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តរតនគិរី និងស្ទឹងត្រែង បានចុះសិក្សាស្រាវជ្រាវជីវៈចម្រុះក្នុងឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា តាមរយៈដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាខ្សែវីដេអូ នៅតំបន់ព្រៃជ្រៅដាច់ស្រយាលក្នុងឧទ្យានជាតិនេះ ដោយថតបានវត្តមានសត្វឈ្លូសយក្ស ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក និងថតបានប្រភេទសត្វនេះជាច្រើនក្បាល។
ការរកឃើញនាពេលថ្មីៗនេះបាន បញ្ជាក់ពីសារសំខាន់នៃឧទ្យានជាតិវីរៈជ័យសម្រាប់សត្វដែលជិតផុតពូជបំផុតប្រភេទនេះ។
ការសិក្សាស្រាវជ្រាវកន្លងមករបស់អង្គការសត្វព្រៃនិងរុក្ខជាតិជាមួយក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០២១ បានរកឃើញនូវវត្តមានឈ្លូសយក្សញីជាមួយកូននៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលបានបង្ហាញថាប្រភេទសត្វនេះបានបន្តពូជនៅក្នុងតំបន់នេះ។
ការរកឃើញបន្ថែមទៀតនូវវត្តមានប្រភេទសត្វនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថាប្រភេទសត្វដ៏កម្រនេះកំពុងតែរស់នៅក្នុងតំបន់ឧទ្យានជាតិនេះ។ តែទោះបីជាយ៉ាងណា ប្រភេទសត្វឈ្លូសយក្សបាន និងកំពុងប្រឈមនឹងហានិភ័យនៃការផុតពូជពីធម្មជាតិ ដោយសារកត្តាគំរាមកំហែងពីការបរបាញ់ និងការដាក់អន្ទាក់។
ដូចនេះ ដើម្បីការពារសត្វឈ្លូសយក្សឲ្យបានគង់វង្ស យើងចាំបាច់ត្រូវការព័ត៌មានទិន្នន័យទាំងអស់នេះ ក្នុងការរៀបចំផែនការអភិរក្សជាក់ស្តែងជាបន្ទាន់ ដើម្បីការពារទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វដ៏កម្រមួយនេះ៕