Close

វីវរហើយ! លីគបាល់ទាត់ថៃ កំពុងប្រឈមនឹងវិបត្តិ ដោយសារសិទ្ធិផ្សាយបន្តផ្ទាល់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ កីឡា
វីវរហើយ! លីគបាល់ទាត់ថៃ កំពុងប្រឈមនឹងវិបត្តិ ដោយសារសិទ្ធិផ្សាយបន្តផ្ទាល់ វីវរហើយ! លីគបាល់ទាត់ថៃ កំពុងប្រឈមនឹងវិបត្តិ ដោយសារសិទ្ធិផ្សាយបន្តផ្ទាល់

លីគបាល់ទាត់ថៃ កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីការដេញថ្លៃ ទិញសិទ្ធិផ្សាយបន្តផ្ទាល់បាល់ទាត់ថៃ បានធ្លាក់ចុះយ៉ាងខ្លាំងមកសល់ត្រឹមតែ ១,៤លានដុល្លារប៉ុណ្ណោះ ដែលជាតម្លៃទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១១។ នេះបើតាមការចេញផ្សាយរបស់កាសែតផ្លូវការថៃ Nation Thailand។

កាលពីពេលថ្មីនេះ សមាគមបាល់ទាត់នៃប្រទេសថៃ ហៅកាត់ថា FAT បានកោះប្រជុំក្រុមហ៊ុន Thai League Co Ltd ដែលមានតំណាងមកពី ១៦ ក្លឹប ដើម្បីពិភាក្សាអំពីការរៀបចំ សម្រាប់រដូវកាល ២០២៣ – ២០២៤ ខាងមុខនេះ។

ក្លឹបដែលចូលរួមរួមមាន Buriram United, BG Pathum United, Port FC, Chonburi FC, Ratchaburi FC, Muangthong United, Lamphun Warrior, Leo Chiangrai United, True Bangkok United, PT Prachuap, Khon Kaen United, Uthai Thani FC, Sukhothai FC, Trat FC , Nakhon Pathom United, និង Police Tero FC ។
បើតាមការបញ្ជាក់របស់ Thai League Co Ltd មានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលបានដាក់សំណើទិញសិទ្ធិផ្សាយបន្តផ្ទាល់ពេញលេញ សម្រាប់បាល់ទាត់ថៃ ក្នុងតម្លៃ ៥០ លានបាត ឬស្មើនឹង ១,៤លានដុល្លារ ។

ដោយមើលឃើញពីការដេញថ្លៃទាប សម្រាប់សិទ្ធិផ្សាយបន្តផ្ទាល់នេះ សំណើមួយត្រូវបានលើកឡើង សម្រាប់ក្រុមទាំង ១៦ ក្នុង Thai League ដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយ ដែលនឹងថែរក្សាផលប្រយោជន៍របស់ពួកគេ ស្រដៀងទៅនឹងគំរូដែលបានអនុម័តដោយលីគបាល់ទាត់លេខមួយរបស់ពិភពលោក English Premier League ។

ក្រោមសំណើនេះ ក្លឹបចំនួន ១១ ក្នុងចំណោម ១៦ Thai League បានយល់ព្រមលើវិធីសាស្រ្តនេះ ខណៈដែលក្លឹបចំនួន ៥ទៀត មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ។ យ៉ាងណា Thai League Co Ltd និង FAT នឹងលើកយកបញ្ហានេះ សម្រាប់ការពិភាក្សាបន្ថែមទៀតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដែលនឹងគ្រោងធ្វើនៅថ្ងៃទី ៣ ខែកក្កដា ខាងមុខនេះ។

លោក Korrawee Pritsananantakul ដែលជាប្រធានស្តីទីនៃ Thai League បានបង្ហើបថា ក្រុមទាំង ១៦ ក្នុង Thai League 1 បានស្នើសុំបំបែកចេញពីស្ថាប័នមេ និងបង្កើតអង្គភាពដាច់ដោយឡែកមួយ ដើម្បីគ្រប់គ្រងផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះគឺដោយសារតែមូលនិធិមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការគ្រប់គ្រងការផ្សាយបន្តផ្ទាល់។ សំណើនេះ អាចនឹងត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ FAT ដែលត្រូវប្រជុំនៅថ្ងៃទី ៣ ខែកក្កដា។

គួរបញ្ជាក់ថា សិទ្ធិចាក់ផ្សាយបន្តផ្ទាល់ សម្រាប់លីគថៃ បានមើលឃើញកម្រិតខ្ពស់ និងកម្រិតទាបគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានចុងក្រោយឆ្នាំនេះ។ ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ សិទ្ធិផ្សាយ ត្រូវបានទិញក្នុងតម្លៃ ៦០០ លានបាត សម្រាប់រយៈពេល ៣ ឆ្នាំ ដែលជាមធ្យម ២០០ លានបាត ក្នុងមួយឆ្នាំ។
លុះចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ វាបានកើនឡើងដល់ ១.៨ ពាន់លានបាត ជាមធ្យម ៦០០ លានបាត ក្នុងមួយឆ្នាំ។
ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វាបានកើនឡើងដល់កម្រិតខ្ពស់បំផុត ៤.២ ពាន់លានបាត ជាមធ្យម ១.០៥០ ពាន់លានបាត ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៤ឆ្នាំ។ យ៉ាងណា នៅឆ្នាំ ២០២១-២២ វាបានធ្លាក់ក្នុងតម្លៃទាបជាង ៨០០ លានបាត ប៉ុន្តែនៅឆ្នាំ ២០២២-២៣ ការដេញថ្លៃ បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៣០០ លានបាត៕

បញ្ជាក់ ១$ =  ៣៥.៦៥ THB(បាត)

អត្ថបទទាក់ទង