ឥណ្ឌូណេស៊ី តែងតាំងគ្រូបង្វឹកថ្មី ដឹកនាំក្រុមលេង U17 World Cup 2023 ជំនួសលោក Shin Tae Yong
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី ធ្លាប់បាននិយាយថា គ្រូបង្វឹក Shin Tae Yong នឹងក្លាយជាបេក្ខភាពដ៏ល្អបំផុត ដើម្បីដឹកនាំ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម ១៧ឆ្នាំ នៅពេលដែលប្រទេសនេះ ត្រូវបាន FIFA ផ្តល់សិទ្ធិធ្វើម្ចាស់ផ្ទះ U17 World Cup ឆ្នាំ២០២៣ ភ្លាមៗ។
យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានសម្រេចតែងតាំងគ្រូបង្វឹកក្នុងស្រុក លោក Bima Sakti ឲ្យអង្គុយជាគ្រូបង្វឹកក្រុម U17 ឥណ្ឌូនេស៊ី ដើម្បីត្រៀមការប្រកួតយុវជននេះ។ អតីតកីឡាករជម្រើសជាតិឥណ្ឌូណេស៊ី រូបនេះ ក៏ជាអ្នកដឹកនាំ U16 ឥណ្ឌូណេស៊ីបំបាក់ U17 វៀតណាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ U16 អាស៊ីអាគ្នេយ៍ឆ្នាំមុន ដើម្បីឈ្នះជើងឯកផងដែរ។
ដូច្នេះហើយ គ្រូបង្វឹក Shin Tae Yong ម្តងនេះ លែងមានឱកាសបង្ហាញសមត្ថភាព ឬកលល្បិច ក្នុងការប្រកួតលំដាប់ពិភពលោក។ កន្លងមក អ្នកយុទ្ធសាស្រ្តរូបនេះ ត្រូវបានផ្តល់លក្ខខណ្ឌល្អបំផុតក្នុងការហ្វឹកហាត់ជាមួយ U20 ឥណ្ឌូនេស៊ី ដើម្បីត្រៀមប្រកួត U20 World Cup ឆ្នាំ 2023 នៅពេលដែលប្រទេសនេះ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតនេះ។
ទោះជាយ៉ាងណាក៏ដោយ រាល់ការខិតខំប្រឹងប្រែងពីមុនរបស់លោក Shin Tae Yong ត្រូវបានរលាយ នៅពេលដែល FIFA បានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់ឥណ្ឌូនេស៊ី ដែលមានន័យថា U20 ឥណ្ឌូនេស៊ី បាត់បង់សិទ្ធិក្នុងការចូលរួមក្នុងការប្រកួតនេះ។
ក្រឡេកមកមើលគ្រូបង្វឹក Bima Sakti វិញ បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី មានប្រតិកម្មខ្លាំងនៅក្នុងសាធារណៈជនក្នុងស្រុក បន្ទាប់ពីការសម្រេចចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ក្នុងការប្រគល់គ្រូបង្វឹក U17 ឥណ្ឌូនេស៊ី ទៅគ្រូបង្វឹកក្នុងស្រុកនេះ។ ដោយសារតែយោងទៅតាមច្បាប់ពិភពលោក លោក Bima Sakti “មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំ U17 ឥណ្ឌូនេស៊ី ដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោក U17 ឆ្នាំ 2023 នេះទេ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ការប្រកួតបាល់ទាត់ពិភពលោក U17 ឆ្នាំ 2023 បានកំណត់អត្តសញ្ញាណក្រុម ដែលចូលរួមទាំង ២៤ រួចរាល់ហើយ៕