ផ្ទុះការភ្ញាក់ផ្អើល! លោកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចយកក្លិបប្រដាល់លោកគ្រូអេភូថង មកជ្រកក្រោមទ្រនំក្រុមហ៊ុន Galaxy Navatra
កាលពីយប់ថ្ងៃ អង្គារ ទី២៨ ខែមិថុនានេះ មហាជន ពិសេសអ្នកស្នេហាវិស័យកីឡាគុនខ្មែរ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចយកក្លិបប្រដាល់លោកគ្រូអេភូថង មកជ្រកក្រោមទ្រនំក្រុមហ៊ុន Galaxy Navatra ដោយដាក់ឈ្មោះថ្មីថា ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លឹប។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការណ៍របស់លោក ទាំងយប់ អមជាមួយអត្តន័យយ៉ាងដូច្នេះថា៖« បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់លោកគ្រូហើយ បច្ចុប្បន្នលោកគ្រូមានជំងឺផង លំបាក នឹងខ្វះលទ្ធភាពផង។ ហើយគាត់បានប្រកាសលក់ក្លឹបកាលពីថ្មីៗនេះ ក្រុមការងារ ថ្នាក់ដឹកនាំGalaxy សម្រេចមិនឱ្យគាត់លក់ក្លឹបនោះទេ»។
អ្នកជំនួញដ៏ល្បីរូបនេះ បានបន្តថា៖« Galaxy ទទួលការផ្ទេរក្លឹបប្រដាល់គុនខ្មែររបស់លោកគ្រូអេភូថង មករួមរស់ជាមួយគ្នា ដើម្បីបង្កើតកម្មវិធីប្រដាល់ និងស្វែងរក Sponsor ដើម្បីចិញ្ចឹមជីវភាពរបស់ក្លឹបគុនខ្មែរ ដោយរក្សានៅអត្តសញ្ញាណកេរ្ម៍ឈ្មោះរបស់លោកគ្រូគឺក្លឹប
Galaxy Navatra អេភូថង គុនខ្មែរ»។
លោកឧកញ៉ា បានបន្តទៀតថា៖« ជូនដំណឹងទៅដល់សិស្សទាំងអស់ ចង់ក្លាយជាអ្នកប្រដាល់ ដែលមានបំណងចង់រៀន ខ្ញុំផ្ដល់អាហារូបករណ៍ជូនដោយមិនបាច់បង់ថ្លៃហាត់ ផ្ដល់កន្លែងស្នាក់នៅហូបចុកមួយចប់ តែត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទើបលោកគ្រូអេភូថងទទួល»។
ជាចុងក្រោយលោកក៏បានអំពាវនាវ ដល់បណ្ដាលក្រុមហ៊ុននានា ដែលមានបំណង
ផ្សព្វផ្សាយផលិតផល តាមរយៈកម្មវិធីប្រដាល់ អាចទាក់ទងមករូបលោកបាន ហើយអះអាងថា នឹងមានលក្ខខ័ណ្ឌពិសេសបំផុតជូន សម្រាប់អ្នកដែលបានមកបានមុន៕