Zinedine Zidane បង្ហើបថា នឹងត្រលប់មកធ្វើជាគ្រូបង្វឹកវិញ ក្រោយសម្រាកជាង ២ឆ្នាំ
កាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ អតីតខ្សែបម្រើជម្រើសជាតិបារាំង លោក Zinedine Zidane បានបង្ហើបថា លោកនឹងវិលមកកាន់តំណែងជាគ្រូបង្វឹកវិញ ក្នុងពេលឆាប់ៗនេះ ក្រោយសម្រាកជាង ២ឆ្នាំ។
ចាប់តាំងពីចាកចេញពី Real Madrid ជាលើកទីពីរ ក្នុងឆ្នាំ ២០២១មក លោក Zinedine Zidane នៅតែស្ថិតក្នុងស្ថានភាព “ទំណេរ”។ យ៉ាងណា គាត់ត្រូវបានក្លិបជាច្រើន ទាក់ទងដើម្បីដឹកនាំ ប៉ុន្តែលោកបានបដិសេធ។
មែនទែនទៅ ក្តីប្រាថ្នារបស់អតីតកីឡាករ Real Madrid រូបនេះ គឺចង់ដឹកនាំក្រុមជម្រើសជាតិបារាំង ហើយគាត់បានរង់ចាំដោយអត់ធ្មត់រហូតដល់ក្រោយការប្រកួត World Cup ឆ្នាំ 2022។ ទោះជាយ៉ាងណាក៏ដោយ ការពង្រីកកុងត្រារបស់ លោក Didier Deschamps បានធ្វើឱ្យផែនការរបស់លោកត្រូវរលាយ។
លោក Zinedine មិនមានការងារនៅក្នុងបាល់ទាត់ទេ ចាប់តាំងពីគាត់បានចាកចេញពី Real Madrid ក្នុងឆ្នាំ ២០២១ ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Champions League ចំនួនបីជាប់ៗគ្នា។
កន្លងមក អតីតកីឡាកររបស់ Juventus រូបនេះ បានបដិសេធសំណើរពី Paris Saint-Germain ម្ដងហើយ ដើម្បីជំនួសកន្លែង របស់លោក Christophe Galtier និងការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីត។
តាមរយៈបទសម្ភាសន៍ជាមួយ Telefoot លោក Zinedine Zidane បានបញ្ជូនសញ្ញាមួយថា៖“ច្បាស់ណាស់ខ្ញុំ នឹកការងាររបស់ខ្ញុំណាស់ ហើយខ្ញុំសង្ឃឹមថា នឹងត្រលប់មកធ្វើការងារវិញឆាប់ៗនេះ។ ខ្ញុំបានឃ្លាតឆ្ងាយពីវា ប្រហែលជា ២ឆ្នាំមុន ប៉ុន្តែឥឡូវនេះ ខ្ញុំចង់ត្រឡប់មកវិញ»។
ដូច្នេះ វាច្បាស់ណាស់ថា Zidane ចង់ធ្វើការម្តងទៀត ប៉ុន្តែតើក្លិបមួយណាដែលលោកនឹងដឹកនាំ? កន្លងមក មានសេចក្តីរាយការណ៍ថា Zidane មិនចង់ដឹកនាំក្លឹបនៅបារាំងទេ ដោយសារទំនាក់ទំនងជិតស្និទ្ធជាមួយ Marseille និង Bordeaux ទើបលោក មិនចូលចិត្ត PSG ។ ប៉ុន្តែក្រៅពី PSG មិនមានក្រុម Ligue 1 ណា ដែលមានលទ្ធភាពយកគ្រូបង្វឹកលំដាប់ពិភពលោក រូបនេះបានឡើយ។
ជាមួយគ្នានេះ Zidane ក៏អាចវិលទៅកាន់ក្រុមចាស់ពីរគឺ Real Madrid និង Juventus ផងដែរ។ កាលពីមុន បន្ទាប់ពីលោកបានចាកចេញជាលើកទីពីរ ប្រធានក្លិប លោក Florentino Perez ធ្លាប់បានអញ្ជើញរូបលោក ឱ្យត្រលប់មកវិញ ក្នុងនាមជាឯកអគ្គរដ្ឋទូត។ ទោះយ៉ាងណា លោកបាននិយាយថា លោកមិនចាប់អារម្មណ៍នឹងតួនាទីនោះទេ។ នៅពេលនេះ នៅពេលដែលអនាគតរបស់គ្រូបង្វឹក Carlo Ancelotti នៅ Bernabeu មានភាពមិនច្បាស់លាស់ Zidane បានក្លាយជាបេក្ខភាពជំនួសដ៏ភ្លឺស្វាងម្តងទៀត បន្ទាប់ពី Xabi Alonso ។
ចំណែក Juventus ត្រៀមបេក្ខភាពថ្មីជំនួស បន្ទាប់ពីគ្រូបង្វឹក Max Allegri កំពុងត្រូវបានក្លិប Al-Hilal របស់អារ៉ាប់ទាក់ទង ជាមួយនឹងប្រាក់បៀវត្សរ៍ ២០លានអឺរ៉ូ ក្នុងមួយឆ្នាំ ហើយប្រសិនបើ លោក Allegri ចាកចេញមែននោះ ពិតណាស់ Zidane នឹងក្លាយជាបេក្ខភាពដំបូង ដែលថ្នាក់ដឹកនាំ Juventus សម្លឹងមើល៕