Close

Real Madrid ចេញមុខបញ្ជាក់ពីអនាគតរបស់ Toni Kroos

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ កីឡា
Real Madrid ចេញមុខបញ្ជាក់ពីអនាគតរបស់ Toni Kroos Real Madrid ចេញមុខបញ្ជាក់ពីអនាគតរបស់ Toni Kroos

កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើ Toni Kroos ជាមួយក្រុមស្ដេចស នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនានេះប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មុនពេលការរំពឹងទុកនៃការបាត់បង់តារាអាល្លឺម៉ង់រូបនេះ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួននោះ Real Madrid បានបញ្ជាក់ថា ខ្លួនបានរក្សាតារាឆ្នើមរបស់ខ្លួនដោយជោគជ័យសម្រាប់រដូវកាលមួយផ្សេងទៀត។ ដូច្នេះមានន័យថា Kroos នឹងបន្តនៅជាមួយ Real Madrid រហូតដល់រដូវក្តៅឆ្នាំ ២០២៤។

ជាការពិតណាស់ Real Madrid មិនចាំបាច់ជជែកវែកញែកអំពីសារៈសំខាន់របស់ Kroos នោះទេ ព្រោះចាប់តាំងពីបានមកដល់ Bernabeu ក្នុងឆ្នាំ២០១៤ រូបគេ បានក្លាយជាខ្សែបម្រើដែលមិនអាចខ្វះបានក្នុងក្រុម។ ខ្សែបម្រើវ័យ ៣៣ឆ្នាំ និង Luka Modric បានបង្កើតបង្ហាញទម្រង់លេងដ៏អស្ចារ្យ និងជួយ Real Madrid ឈ្នះពានគ្រប់យ៉ាង រួមទាំងជើងឯក La Liga ៣ដង និង Champions League ៤ដង។

គិតមកទល់ពេលនេះ ក្នុងរយៈពេលជាង ៩ រដូវកាល Kroos បានបង្ហាញខ្លួន ៤១៧ ប្រកួតឱ្យក្រុម Real Madrid ដោយបានរួមចំណែកស៊ុតបញ្ជូលទីបាន ២៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទី ៨៩គ្រាប់។ សរុបមក គាត់បានប្រមូលពានធំ និងតូចចំនួន ២០ នៅក្នុងឯកសណ្ឋានរបស់ស្ដេចស និងត្រូវបានចាត់ទុកថា Kroos ជាជើងខ្លាំងម្នាក់ ក្នុងប្រវត្តិសាស្ត្រ Real Madrid។

ក្នុងពេលជាមួយគ្នានេះ ក្រៅពី Kroos ក្រុម Real Madrid ក៏កំពុងបញ្ជុះបញ្ជូលដើម្បីរក្សាខ្សែបម្រើជើងចាស់ Luka Modric ដែលកុងត្រា នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាដូចគ្នា។ នៅអាយុ ៣៧ ឆ្នាំ Modric នៅតែជាបង្ហាញទម្រង់លេងល្អខ្លាំងដដែល។ ថ្មីៗនេះគាត់ និងក្រុមជម្រើសជាតិក្រូអាត បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតពានរង្វាន់ Nations League 2022/23៕

អត្ថបទទាក់ទង