Close

តួគី ចង់ឲ្យស៊ុយអែតអនុវត្តការងារមួយមុននឹងចូលរួមសមាជិកណាតូ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
តួគី ចង់ឲ្យស៊ុយអែតអនុវត្តការងារមួយមុននឹងចូលរួមសមាជិកណាតូ តួគី ចង់ឲ្យស៊ុយអែតអនុវត្តការងារមួយមុននឹងចូលរួមសមាជិកណាតូ

បរទេស ៖ អស់រយៈពេលជាយូរមកហើយដែលប្រទេសស៊ុយអែតបានបង្ហាញបំណងកាន់តែខ្លាំងឡើងក្នុងការចូលរួមជាសមាជិកអង្គការណាតូ ជាពិសេសនៅក្រោយព្រឹត្តិការណ៍លុកលុយប្រទេសអ៊ុយក្រែនដោយរុស្ស៊ី និងការចូលជាសមាជិកអង្គការណាតូរបស់ប្រទេសហ្វាំងឡង់កាលពីខែមេសាកន្លងមកនេះ។

ទោះបីជាយ៉ាងណាក្តី សមាជិកភាពរបស់ស៊ុយអែតមិនទាន់ដំណើរការផងប្រទេសតួគី និងប្រទេសហុងគ្រីបានចេញមកប្រឆាំងរួចទៅហើយចំពោះផែនការនេះ។

កាលពីដើមសប្តាហ៍កន្លងមកនេះ មន្ត្រីជាន់ខ្ពស់របស់តួគីបានលើកឡើងអំពីបញ្ហានេះសាជាថ្មី និងបានដាក់លក្ខខណ្ឌមួយប្រសិនបើស៊ុយអែតចង់ចូលរួមជាសមាជិកណាតូហើយទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលទីក្រុងអង់ការ៉ា។

ប្រធានសភាជាតិតួគី លោក Numan Kurtulmus បានសង្កត់ធ្ងន់កាលពីថ្ងៃពុធសប្តាហ៍នេះថាមកទល់ពេលនេះតួគីកំពុងបន្តរង់ចាំរដ្ឋាភិបាលស៊ុយអែតដើម្បីអាចធ្វើការនិរទេសក្រុមមនុស្សដែលស្ថិតនៅក្នុងបញ្ជីភេវរកម្មរបស់ប្រទេសតួគីនៅឡើយហើយនេះគឺជាកិច្ចការងារតែមួយគត់ដែលស៊ុយអែតត្រូវតែបំពេញមុនពេលដែលតួគីនឹងយល់ព្រមចំពោះបេក្ខភាពនៅអង្គការណាតូ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត TRT លោក​ Kurtulmus បានថ្លែងបែបនេះថា ៖ តួគីនៅរងចាំនៅឡើយនូវការសម្រេចចិត្តដ៏សំខាន់មួយពីប្រទេសស៊ុយអែត។ ពួកយើងចង់ឃើញនូវការអនុវត្តដ៏ត្រឹមត្រូវមួយចំពោះការទាមទាររបស់តួគី។

លោកប្រធានសភាបានបន្តទៀតថា ៖មកទល់ពេលនេះស៊ុយអែតនៅមិនទាន់ធ្វើការនិរទេសបុគ្គលណាម្នាក់នៅក្នុងបញ្ជីភេវរកម្មរបស់តួគីនៅឡើយ។ តើវាគឺជារឿងលំបាកខ្លាំងណាស់មែនទេដើម្បីនាំខ្លួនពួកគេត្រឡប់មកតួគីវិញ?

ទោះបីជាយ៉ាងណាក្តី លោកបានបញ្ជាក់ថាតួគីមិនមានបញ្ហាអ្វីផ្សេងនិងធំជាងការទាមទារនោះទេជាមួយនឹងរដ្ឋាភិបាលស៊ុយអែត ហើយវាគ្រាន់តែជាអ្វីដែលការចង់បានរបស់ភាគីតួគីប៉ុណ្ណោះ៕

អត្ថបទទាក់ទង